(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វីលីពីន បានបង្ហើបឱ្យដឹងថា ប្រទេសរបស់លោកទើបសម្រេចបាន កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៉ីលប្រឆាំងនាវាពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត ៣៧៥លានដុល្លារអាមេរិក ដើម្បីយកទៅពង្រឹងសមត្ថភាពយោធាជើងទឹក នៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ប្រមុខការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានប្រកាសកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានចរចាជាមួយរដ្ឋាភិបាលឥណ្ឌា ក្រុមហ៊ុនឥណ្ឌា ប្រាម៉ូស អ៊ែរ៉ូស្ពេស (Brahmos Aerospace) នឹងប្រគល់ប្រព័ន្ធមីស៉ីលប្រឆាំងនាវា សម្រាប់បាញ់ចេញពីដីគោកចំនួន៣ឈុត រួមជាមួយក្រុមអ្នកបច្ចេកទេស ហើយក៏នឹងផ្តល់សេវាគាំទ្រផ្នែកឡូជីស្ទីកផងដែរ។

កិច្ចព្រមព្រៀងនោះ ត្រូវបានផ្តួចផ្តើមឡើងដំបូងតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែវាបានជួបបញ្ហាពន្យារពេល ពាក់ព័ន្ធនឹងការបែងចែកកញ្ចប់ថវិកា និងដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19។ ប្រព័ន្ធមីស៉ីលខាងលើ នឹងត្រូវប្រើសម្រាប់កំញើញនាវាយោធារបស់បរទេស កុំឱ្យចូលទៅក្បែរតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ កាលពីឆ្នាំ២០១៨ ហ្វីលីពីនក៏បានទិញប្រព័ន្ធមីស៉ីល ស៉្ពៃក៍ អ៉ីអរ (Spike ER) របស់អ៉ីស្រាអែលផងដែរ ខណៈវាជាប្រព័ន្ធមីស៉ីលប្រឆាំងនាវា ដែលបាញ់ចេញពីនាវាផ្ទាល់។

គួរបញ្ជាក់ថា បច្ចុប្បន្នហ្វីលីពីន កំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃគម្រោងរយៈពេល៥ឆ្នាំ ជាមួយកញ្ចប់ថវិកាជិត៦ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មបរិក្ខាយោធានិងសព្វាវុធរបស់ខ្លួន រួមមានដូចជានាវាដែលបន្សល់ទុកពីសម័យសង្រ្គាមលោក និងឧទ្ធម្ភាគចក្រដែលត្រូវ បានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងសម័យសង្រ្គាមវៀតណាមជាដើម៕