(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨០៥,៦២០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,១៤០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៦,១៦២,៧៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៩,២១២នាក់ និងជាសះស្បើយឡើងសរុបជាង ៤៣.០២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលផ្នែកជំងឺនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានព្រមានធ្ងន់ៗតែម្តងថា មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងប្រទេសនេះ នឹងត្រូវប្រឈមមុខការឆ្លងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញរួចហើយក្តី, តែក្នុងចំនួនខ្លះៗប៉ុណ្ណោះ មិនមែនភាគច្រើននោះឡើយ ដោយពួកគេខ្លះនៅតែអាចឆ្លង ប៉ុន្តែនឹងអាចទប់ទល់វីរុសនេះបាន ដោយមិនឈានដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ និងបាត់បង់ជីវិតនោះឡើយ (សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងដូសជំរុញរួច)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២៤លានដូស ក្នុងនោះប្រជាជន ២៤៧.៩៨លាននាក់ (៧៥.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.៩៤លាននាក់ (៦២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៨.០១លាននាក់ (២៣.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕