(ហុងកុង)៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង នៅថ្ងៃសុក្រនេះបានឱ្យថា ខ្លួនសម្រេចហាមឃាត់ជាបណ្តោះអាសន្ន ចំពោះជើងហោះហើរប្តូរជើងយន្តហោះ មកពីប្រទេសចំនួន១៥០ ដែលត្រូវបានចាត់ទុកជា កន្លែងមានហានិភ័យខ្ពស់នៃជំងឺ COVID-19 ស្របពេលដែលទីក្រុងចិនមួយនេះ កំពុងព្យាយាមគ្រប់គ្រង ការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ជាផ្នែកនៃការរឹតបន្តឹងចំណាត់ការធ្វើដំណើរថែមទៀតប្រឆាំង COVID-19 ព្រលានយន្តហោះអន្តរជាតិហុងកុង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អ្នកដំណើរមកពីប្រទេសប្រមាណជា១៥០ នឹងត្រូវហាមឃាត់មិនឱ្យធ្វើការប្តូរជើងយន្តហោះ នៅទីក្រុងហុងកុងជាបណ្តោះអាសន្ន។ បម្រាមខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ។

គួរបញ្ជាក់ថា ការចេញបម្រាមនេះទៀតសោតកើតមានឡើង បន្ទាប់ពីហុងកុងទើបតែបានដាក់ការហាមឃាត់រយៈពេល២សប្តាហ៍ ចំពោះជើងហោះហើរទូទៅ មកពីប្រទេសចំនួន៨ រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងកាណាដា កាលពីថ្ងៃទី៨ ខែមករា៕