(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈ ជាច្រើនលើក នូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិន ចំពោះលីទុយអានីថា ជា «ការទូតបែបគំរាមកំហែង»។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិក សម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន» ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។ ការយក «ការទូតបែបគំរាមកំហែង» ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុង ចំពោះប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុត និងភាពបោកបញ្ឆោត នៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំង នាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្ត និងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយ ដែលបានរងការចោទជាមន្ទិលសង្ស័យ និងការប្រឆាំងយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិកបានបិទស្លាក «ការទូតបែបគំរាមកំហែង» ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិន សម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ។

បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា «ការទូតបែបគំរាមកំហែង» គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែង ដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃ អនុវត្តតាមតម្រូវការរបស់អាមេរិក ក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិក និងគាំពារអនុត្តរភាពបែបអាមេរិក។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី «ការទូតបែបគំរាមកំហែង» ដល់ពិភពលោក តាមរយៈសកម្មភាពពីមួយលើកទៅមួយលើក។

នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់របស់អាមេរិក ស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ» លើមូលដ្ឋានពាក្យភូតកុហក ដោយយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាស នៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួន ដែលប៉ុនប៉ង «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន» ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ។
បើនិយាយចំពោះសហរដ្ឋអាមេរិក ដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក «ការទូតបែបគំរាមកំហែង» គឺជាឧបករណ៍នយោបាយរបស់ខ្លួន ដែលមិនអាចឃ្លាតឆ្ងាយបាន។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្ម ដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត «ការទូតបែបគំរាមកំហែង» គឺគ្មានច្រកចេញនោះទេ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា «ការទូតបែបគំរាមកំហែង» របស់អាមេរិក ពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន។

តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិ និងក្បួនច្បាប់នៃពហុភាគីនិយម? មិនបាច់និយាយក៏គេដឹងដែរ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លា ដោយពឹងផ្អែកលើ «ការទូតបែបគំរាមកំហែង» នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោ ពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត៕ (#CCFRComment#)