(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសកូរ៉េខាងជើងទំនងជា កំពុងទាក់់ទាញចំណាប់អារម្មណ៍ តាមរយៈការបាញ់តេស្តមីស៊ីលថ្មីៗនេះ ខណៈលោកផ្ទាល់ចាត់ទុកថា វាក៏កំពុងបង្កឲ្យមាន «អស្ថិរភាព» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអំពាវនាវជាថ្មីឲ្យកូរ៉េខាងជើង ចូលមកអង្គុយក្នុងតុសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយលោកថែមទាំងបានអះអាងទៀតថា សហរដ្ឋអាមេរិកគ្មានចេតនាបង្កអរិភាពណាមួយ ចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន នោះឡើយ។

លោក Blinken បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មានអាមេរិក MSNBC យ៉ាងដូច្នេះថា «ខ្ញុំគិតថា ផ្នែកខ្លះនៃសកម្មភាពនេះ គឺកូរ៉េខាងជើងកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍។ រឿងបែបនេះ ធ្លាប់បានកើតមានឡើងកាលពីមុន ហើយពួកគេក៏ទំនងជាបន្តធ្វើដូច្នេះទៀត។ ការធ្វើតេស្តនានារបស់កូរ៉េខាងជើង បង្កឲ្យមានស្ថិរភាពយ៉ាងខ្លាំង... វាជារឿងគ្រោះថ្នាក់ ហើយវាបានបំពានទាំងស្រុងទៅលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្ម លើបុគ្គល ៥នាក់នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែជាអ្នកជាប់់ពាក់ព័ន្ធ នឹងកម្មវិធីអភិវឌ្ឍអាវុធមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។ ក្រោយទទួលដំណឹង អំពីការដាក់ទណ្ឌកម្មនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃសុក្រនេះ បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសរបស់ខ្លួនថា «ប្រសិនបើសហរដ្ឋអាមេរិក ដាក់ចេញនូវវិធានការ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាបែបនេះ កូរ៉េខាងជើងក៏នឹងត្រូវបង្ខំចិត្ត ចាត់វិធានការកាន់តែខ្លាំង និងម៉ឺងម៉ាត់ ដើម្បីតបតទៅវិញផងដែរ...»