(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសម្ព័ន្ធមិត្តអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) បាននិងកំពុងរៀបចំ ដកចេញពីប្រទេសកាហ្សាក់ស្ថានហើយ បន្ទាប់ពីការដាក់ពង្រាយ បានតែមួយសប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាលកាហ្សាក់ស្ថាន បានស្នើឲ្យកងកម្លាំងរក្សាសន្តិសុខរបស់ CSTO ដឹកនាំដោយរុស្ស៊ី ចូលមកបង្ក្រាបការបះបោរ ដែលបានកើតមានឡើងចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ដោយសារតែបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ។ បាតុកម្មបានផ្ទុះឡើងនៅតាមទីក្រុងធំៗ នៃប្រទេសអាស៊ីកណ្តាលមួយនេះ រហូតធ្លាយដល់រដ្ឋធានី អាល់ម៉ាធី (Almaty) ដែលជាចំណុចក្តៅគគុកចុងក្រោយ។

ការឈានដល់ថ្នាក់ ស្នើសុំឲ្យកងកម្លាំងដឹកនាំដោយរុស្ស៊ី ចូលមកកាន់ទឹកដីរបស់ខ្លួននេះ ត្រូវបានរដ្ឋាភិបាលកាហ្សាក់ស្ថានបកស្រាយថា ដោយសារតែការស៊ើបអង្កេត ដែលបានរកឃើញកម្លាំងមកពីខាងក្រៅ ជាអ្នកលូកដៃចូលមកដុតរោលស្ថានការណ៍ នោះទើបរដ្ឋាភិបាលទីក្រុង Almaty បានប្រកាសចាត់ទុក ក្រុមគប់គិតជាមួយបរទេសនេះ គឺជាពួកភេរវករដែលត្រូវតែកម្ចាត់។

គួរបញ្ជាក់ថា មនុស្សជាង ១៦០នាក់បានស្លាប់ និងជិត ៨,០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការបង្ក្រាបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅទូទាំងប្រទេសកាហ្សាក់ស្ថាន ជាពិសេសគឺរដ្ឋធានី Almaty។ ដោយឡែកអង្គការ CSTO បានបញ្ជូនកងកម្លាំង មកកាន់ប្រទេសកាហ្សាក់ស្ថាន ចំនួនជាង ២,០០០នាក់ ចំពោះមុខការរិះគន់ និងចោទសួរពីបណ្តាប្រទេសលោកខាងលិច អំពីភាពចាំបាច់ក្នុងការធ្វើបែបនេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថានបានអះអាងថា កងទ័ពដឹកនាំដោយរុស្ស៊ី នឹងត្រូវប្រើប្រាស់ពេល យ៉ាងហោចណាស់ ១២ថ្ងៃ ដើម្បីដកចេញវិញទាំងស្រុង៕