(តូក្យូ)៖ អាជ្ញាធរទីក្រុងតូក្យូ នៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបង្កើនការប្រកាសអាសន្ន COVID-19 ដល់កម្រិតទី ២ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

នេះជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតមួយហើយ ដែលអាជ្ញាធរទីក្រុងតូក្យូ មិនធ្លាប់បានដាក់ចេញនោះឡើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅទីក្រុងតូក្យូតែមួយប៉ុណ្ណោះ ត្រូវបានកត់ត្រារហូតដល់ទៅជាង ២,០០០ករណី កាលពីថ្ងៃពុធម្សិលមិញនេះ ដោយសារតែវីរុស Omicron។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជប៉ុនមានករណីឆ្លងជំងឺ COVID-19 សរុប ១,៧៩១,០៧០ករណី ក្នុងនោះស្លាប់ ១៨,៤១២នាក់ និងជាសះស្បើយវិញ ១,៧១៨,១៦៥នាក់។ ជប៉ុនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០២លានដូស ក្នុងនោះប្រជាជន ៩៩.៥លាននាក់ (៧៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕