(ប៊ែរឡាំង)៖ លោកអធិការបតី អូឡាហ្វ សូលស៍ (Olaf Scholz) បានប្រាប់សភាថាប្រទេសអាល្លឺម៉ង់ គួរតែដាក់ចេញការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ

COVID-19 សម្រាប់ប្រជាជនពេញវ័យ ប្រឈមមុខនឹងការកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃ បង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

លោក Olaf Scholz ធ្វើការកត់សម្គាល់ខាងលើ នៅពេលឆ្លើយសំណួរក្នុងសម័យប្រជុំសភាអាល្លឺម៉ង់នៅថ្ងៃពុធសប្ដាហ៍នេះ ជាថ្ងៃតែមួយដែលអាលឺ្លម៉ង់ រាយការណ៍ពី ការរកឃើញ COVID-19 ប្រចាំថ្ងៃ ៨០,៤៣០ករណី។ បើតាមលោក Olaf ករណីឆ្លង COVID-19 ប្រចាំថ្ងៃនឹងនៅតែបន្តកើនឡើង ដូច្នេះកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ ក៏ជារឿងចាំបាច់ផងដែរ។

លោកបន្ថែមថាការសម្រេចចិត្តមិនចាក់វ៉ាក់សាំង វាមិនមែនជាការសម្រេចិត្តសម្រាប់តែខ្លួនឯងនោះទេ តែវាក៏មានជាប់ពាក់ព័ន្ធនឹងប្រជាជនអាល្លឺម៉ង់ជាង ៨០លាននាក់ ផ្សេងទៀតផងដែរ។ ប៉ុន្តែ ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងបានជំទាស់នឹងការលើកឡើងរបស់លោក Olaf ដោយពួកគេយល់ថាសេរីភាពគួរតែដើរមុន ហើយ ចោទប្រកាន់រូបលោកថាកំពុងបង្កការបែកបាក់។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ អាល្លឺម៉ង់មានអ្នកឆ្លង COVID-19 ចំនួន ៧.៧លាននាក់ ក្នុងនោះស្លាប់ ១១៥,៦០៥នាក់ និងជាសះស្បើយឡើងវិញ ៦.៨លាននាក់៕