(ព្រុចសែល)៖ កិច្ចចរចាកាលពីថ្ងៃពុធសប្ដាហ៍នេះរវាងអ្នកតំណាងមកពីអង្គការ NATO និងរុស្ស៊ី បានបិទបញ្ចប់ទៅដោយគ្មានលទ្ធផលជាដុំកំភួនអ្វីនោះទេ មានតែការ ព្រមានដាក់គ្នាទៅវិញទៅមក ជុំវិញភាពតានតឹងយោធានៅតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

កិច្ចចរចាដែលសម្របសម្រួលដោយប្រធានអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) ខាងលើនេះបានកើតមានឡើងនៅអំលុងពេល ១សប្តាហ៍ នៃការជំរុញល្បឿនដោះស្រាយបញ្ហានានាតាមរយៈការទូត រៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់នូវអ្វីដែលមហាអំណាចលោកលិចនេះជឿជាក់ថារុស្ស៊ី កំពុងតែត្រៀមកម្លាំង នៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។ បើតាមលោក Stoltenberg ការខ្វែងគំនិតគ្នារវាងភាគីទាំង២ នឹងមិនងាយស្រួល ក្នុងការដោះស្រាយនោះទេ។

តែជាការឆ្លើយតប ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក, អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានអះអាងថាអង្គការ NATO មិនបានអើពើចំពោះ សំណើស្ដីពីការធានាសន្តិសុខរបស់រុស្ស៊ីនោះទេ ដែលនេះអាចនឹងបង្កឱ្យមានហានិភ័យ ឬជម្លោះនៅពេលអនាគត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបបានព្រមានថារុស្ស៊ីអាចនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២ ខណៈកងទ័ពរុស្ស៊ីជិត ១សែននាក់ត្រូវបានគេរាយការណ៍ថាកំពុងឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការ
ចោទប្រកាន់បែបនេះ ដោយបញ្ជាក់ថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ ស្របពេលអាមេរិកព្រមានទុកមុនថារុស្ស៊ីនឹងប្រឈមមុខនឹងទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ បើហ៊ានតែប៉ះអ៊ុយក្រែន៕