(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាឱ្យផ្អាកជើងហោះហើរអាមេរិកចំនួន០៦បន្ថែមទៀត នាសប្តាហ៍ខាងមុខ បន្ទាប់ពីការកើនឡើងនៃចំនួនអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

និយតករអាកាសចរណ៍បាននិយាយថា ខ្លួននឹងផ្អាកជើងហោះហើរចំនួនពីរ របស់ក្រុមហ៊ុន United Airlines ពីទីក្រុង San Francisco ទៅ Shanghai ចាប់ពីសប្តាហ៍ នៃថ្ងៃទី២៤ ខែមករា បន្ទាប់ពីអ្នកដំណើរ០៧នាក់ បានធ្វើតេស្តវិជ្ជមានថ្មីៗនេះ។

និយតករក៏នឹងផ្អាកជើងហោះហើររបស់ក្រុមហ៊ុន China Southern Airlines ចំនួន០៤ ពីទីក្រុង Los Angeles ទៅ Guangzhou ចាប់ពីសប្តាហ៍ នៃថ្ងៃទី៣១របស់ខែមករា ដែលជាការផ្លាស់ប្តូរដែលនឹងប៉ះពាល់ដល់ការហោះហើរត្រឡប់មកវិញ នៅក្នុងខែកុម្ភៈផងដែរ។

គួរបញ្ជាក់ថា សេចក្តីសម្រេចនេះ វានាំឲ្យចំនួននៃការលុបចោលជើងហោះហើររវាងអាមេរិក-ចិននៅឆ្នាំនេះកើនដល់៧០ជើង នៅលើកាលវិភាគដែលបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ៕