(ប៉េកាំង)៖ និយ័តករអាកាសចរណ៍ចិន បានចេញបញ្ជាឲ្យលុបចោលជើងហោះហើរ ប្រមាណជាង ៦០ជើង ដែលគ្រោងនឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសចិននៅប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីអ្នកដំណើរមកពីបរទេសកាន់តែច្រើន ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ពេលមកដល់ទឹកដីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

ជុំវិញបទបញ្ជាខាងលើ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានជូនដំណឹងអំពីការលុបចោល ជើងហោះហើររបស់សហរដ្ឋអាមេរិកចំនួន ២២ ដែលគ្រោងធ្វើដំណើរមកកាន់ទីក្រុងសៀងហៃ រួចមកហើយ ដោយអនុលោមទៅតាមវិធានការការពារជំងឺ COVID-19 របស់ចិន ក្នុងនោះមានដូចជា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines ចំនួន ១០ជើង, អាកាសចរណ៍ United Airlines ចំនួន ៦ជើង និងអាកាសចរណ៍ American Airlines ចំនួន ៦ជើង។

ដោយឡែកជើងហោះហើយចំនួន ៤២ជើងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលនឹងត្រូវធ្វើដំណើរត្រលប់មកពីសហរដ្ឋអាមេរិកវិញនោះ ក៏ត្រូវបានជូនដំណឹង ឲ្យលុបចោលជើងហោះហើយរបស់ពួកគេ ជាបណ្តោះអាសន្នដូចគ្នាដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងមើលឃើញ ការផ្ទុះករណីឆ្លង COVID-19 ជាបន្តបន្ទាប់ ដោយថ្មីៗនេះទីក្រុង ធានជីន (Tianjin) មួយទៀត កំពុងបង្កើនការប្រុងប្រយ័ត្ន និងបានធ្វើតេស្តរកឃើញករណីឆ្លងសរុបជាង ៤០នាក់មកហើយ។ ដោយឡែកសហរដ្ឋអាមេរិក ក៏ទើបតែបានបំបែកកំណត់ត្រា នៃការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ ១.១៣លាននាក់ និង អ្នកចូលសម្រាកមន្ទីរពេទ្យច្រើនបំផុតរហូតដល់ ១៣២,៦៤៦នាក់ សម្រាប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ផងដែរ៕