(សេអ៊ូល)៖ ពីឡុតបើកយន្ដហោះចម្បាំងកូរ៉េខាងត្បូងម្នាក់ បានស្លាប់នៅថ្ងៃអង្គារនេះ បន្ទាប់ពីយន្ដហោះចម្បាំង F-5E របស់លោក បានធ្លាក់នៅឯតំបន់ភ្នំមួយកន្លែង ស្ថិតភាគខាងត្បូង រដ្ឋធានីសេអ៊ូល ដែលទំនងជាបង្កឡើងដោយបញ្ហាគាំងម៉ាស៊ីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

យន្ដហោះចម្បាំងខាងលើ ត្រូវបានគេរាយការណ៍ថាមានបញ្ហាគាំងម៉ាស៊ីន ភ្លាមៗក្រោយហោះឡើងបានបន្តិច នៅម៉ោងប្រហែល ១៖៤៤នាទីរសៀលនេះ (ម៉ោងក្នុង ទីក្រុងសេអ៊ូល) ចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Suwon នៃខេត្ត Gyeonggi ជាហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នៅឯតំបន់ភ្នំមួយកន្លែង ស្ថិតនៅក្បែរ ទីក្រុង Hwaseong។

គួរបញ្ជាក់ថា អ្នកស៊ើបអង្កេតមួយក្រុមនឹងបើកការស៊ើបអង្កេតរកមូលហេតុពិតបា្រកដដែលបង្កឱ្យយន្ដហោះចម្បាំង F-5E នេះធ្លាក់។ កូរ៉េខាងត្បូង បាន និងកំពុងធ្វើ ប្រតិបត្តិការយន្ដហោះចម្បាំងស៊េរី F-5 ចំនួន ២០០គ្រឿង តែក្នុងនោះភាគច្រើននៃយន្ដហោះស៊េរីចាស់ទាំងនេះត្រូវបានដាក់ឱ្យចូលនិវត្ត។ ម្យ៉ាងវិញទៀតនេះមិនមែនជាលើកទី១ ទេ ដែលយន្ដហោះប្រភេទនេះធ្លាក់ ដោយបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចាប់តាំងពីឆ្នាំ២០០០មក យន្ដហោះស៊េរី F-5 រាប់សិប គ្រឿងបានធ្លាក់ ក្នុងនោះមានទាំងការធ្លាក់កាលពីឆ្នាំ២០១០ ដែលបង្កឱ្យពីឡុត ៣នាក់បានស្លាប់៕