(អាល់ម៉ាធី)៖ នៅថ្ងៃអង្គារនេះប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានប្រាប់អង្គសភា នៃប្រទេសអាស៊ីកណ្តាលមួយនេះថា កងកម្លាំងនៃអង្គការសន្ធិសញ្ញារួម «CSTO» ដែលដឹកនាំដោយប្រទេសរុស្ស៊ី នឹងចាប់ផ្តើមដកចេញពីប្រទេសរបស់លោកវិញ នៅក្នុងរយៈពេល ២ថ្ងៃទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីកាហ្សាក់ស្ថានបានគូសបញ្ជាក់ថា ដំណើរការនៃការដកកងកម្លាំង CSTO ចេញទាំងស្រុងតែម្តង នឹងត្រូវប្រើប្រាស់ពេលយ៉ាងហោចណាស់ ១០ថ្ងៃ។ ដូច្នេះសរុបសេចក្តីមក រយៈពេល ១២ថ្ងៃទៀត គិតចាប់ពីថ្ងៃអង្គារនេះទៅ កងកម្លាំងសន្តិសុខអង្គការ CSTO ដែលដឹកនាំដោយរុស្ស៊ី នឹងចាកចេញអស់ទាំងស្រុង។ សារព័ត៌មានអន្តរជាតិនានា បានចេញផ្សាយថា មនុស្សជាង ១៦០នាក់បានស្លាប់ និងជិត ៨,០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងភាពចលាចលទូទាំងប្រទេសកាហ្សាក់ស្ថាន ដែលមិនធ្លាប់កើនមាន ៣០ឆ្នាំមកនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាហ្សាក់ស្ថាន បានស្នើឲ្យកម្លាំងរបស់អង្គការ CSTO ចូលមកក្នុងប្រទេសខ្លួន ដើម្បីបង្ក្រាបភាពចលាចល ដែលត្រូវបានចោទប្រកាន់ទៅលើ កម្លាំងមកពីខាងក្រៅ ឬការលូកលាន់ពីបរទេស កាលពីសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២នេះ។ ខណៈប្រទេសចិន និងរុស្ស៊ី សុទ្ធតែបានចេញមុខគាំទ្រ ចំពោះចំណាត់ការបែបនេះ, សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានចោទសួរម្តងហើយម្តងទៀត ចំពោះរដ្ឋាភិបាលកាហ្សាក់ស្ថាន អំពីភាពចាំបាច់ដែលត្រូវឲ្យកងកម្លាំងបរទេស ចូលមកក្នុងប្រទេសខ្លួនបែបនេះ៕