(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកទាំងមូល បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ទៅ ១.១៣លាននាក់ ដែលជាអត្រាឆ្លងខ្ពស់ជាងគេបំផុត នៅលើពិភពលោកយើងនេះ បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

ចំនួនករណីឆ្លងខ្ពស់បំផុតកាលពីលើកមុន គឺនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះប៉ុណ្ណោះ ដែលចំនួនអ្នកឆ្លង COVID-19 សរុប ១.០៣លានករណីត្រូវបានកត់ត្រា នៅក្នុងរយៈពេលពេញមួយថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលអាមេរិក ការកត់ត្រាចំនួនករណីឆ្លងយ៉ាងច្រើនគំហុក កាលពីថ្ងៃចន្ទ ទី១០ ខែមករានេះ ក៏ព្រោះតែរយៈពេលចុងសប្តាហ៍មុននេះ ករណីឆ្លងជាច្រើនមិនទាន់ត្រូវបានបូកបញ្ចូល។

គួរបញ្ជាក់ថា បើគិតត្រឹមអំលុងពេលមួយសប្តាហ៍ចុងក្រោយនេះ អត្រាឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក គឺជាង ៧០០,០០០ករណីនៅក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយ ចំនួនករណីឆ្លងនឹងនៅតែបន្តកើនឡើងបន្ថែមទៀត ដោយសារតែការរាតត្បាតដ៏ឆាប់រហ័ស នៃមេរោគបំប្លែងថ្មី Omicron។ នៅក្នុងថ្ងៃដដែលនេះ សហរដ្ឋអាមេរិកក៏បានប្រកាសអំពីការបំបែកកំណត់ត្រា នៃចំនួនអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យច្រើនបំផុតរហូត ១៣២,៦៤៦នាក់ផងដែរ បើធៀបនឹងតួលេខខ្ពស់បំផុត ១៣២,០៥១នាក់ ដែលត្រូវបានកត់់ត្រាកាលពីខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦២,៦៦១,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦១,៣៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់៕