(ហ្សឺណែវ)៖ អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក បិទពន្ធនាគារ Guantanamo ដែលត្រូវបានគេចាត់ទុកថាជាពន្ធនាគារ មួយរំលោភបំពានសិទ្ធិមនុស្សយ៉ាងសាហាវអស្ចារ្យ ២០ឆ្នាំក្រោយ អ្នកទោសដំបូងគេបំផុតត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមអ្នកជំនាញ UN បានបញ្ជាក់ដូច្នេះថា «រយៈពេល ២០ឆ្នាំ នៃការអនុវត្តការឃុំខ្លួនដោយបំពាន និងគា្មនការជំនុំជម្រះពីតុលាការ អមជាមួយការធ្វើទារុណកម្ម រួមទាំងទង្វើអមនុស្សធម៌ វាគឺជារឿងមិនអាចទទួលយកបានឡើយចំពោះរដ្ឋាភិបាលនានា ជាពិសេស រដ្ឋាភិបាលមួយដែលតែងតែអះអាងជាប្រចាំពីការការពារសិទ្ធិមនុស្ស»

គួរបញ្ជាក់ថា ពន្ធនាគារ Guantanamo ស្ថិតនៅលើទឹកដីគុយបា ត្រូវបានបង្កើតឡើង បន្ទាប់ពីព្រឹត្តិការណ៍មហាភេរវកម្មខែកញ្ញា ឆ្នាំ២០០១ ដើម្បីឃុំខ្លួនអ្នកទោស ដែលសហរដ្ឋអាមេរិក ចោទប្រកាន់ជាភេរវករ រីឯការឃុំខ្លួនមិនចាំបាច់ឆ្លងកាត់ការជំនុំជម្រះពីតុលាការនោះទេ។ ពន្ធនាគារនេះគ្រប់គ្រងដោយយោធាអាមេរិក ហើយ អ្នកទោសដំបូងដែលត្រូវបានគេបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ Guantanamo ធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០២៕