(អ៊ឺរ៉ុប)៖ និយតករឱសថរបស់សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនអាចចេញសេចក្តីសម្រេច «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ» ស្តីពី ថាតើត្រូវអនុម័តការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ឈ្មោះថា Paxlovid ឬយ៉ាងណា បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិកបានដាក់សំណើសុំការអនុញ្ញាត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារឱសថអ៊ឺរ៉ុបបាននិយាយថា ការអនុម័តដែលចាំបាច់គឺសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលទៅមធ្យម ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលមានទម្ងន់យ៉ាងតិច៤០គីឡូក្រាម និងមានហានិភ័យខ្ពស់នៃការវិវឌ្ឍជំងឺរបស់ពួកគេ ទៅជាធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ខណៈពេលដែលវ៉ាក់សាំងគឺជាចំណុចស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និយតករអ៊ឺរ៉ុបកំពុងសម្លឹងមើលឃើញការព្យាបាលជាឧបករណ៍ថ្មីមួយ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស ដែលឥឡូវនេះត្រូវបានរកឃើញនៅក្នុងប្រទេសជាង១២៨ជុំវិញពិភពលោក៕