(រ៉ង់ហ្គូន)៖ តុលាការនៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានផ្ដន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋចំនួន ៣ករណី ហើយដែលនេះគឺជាសំណុំរឿងចុងក្រោយបំផុត ប្រឆាំងនឹងអតីតមេដឹកនាំស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចរូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា លោកស្រី ស៊ូ ជី មានអាយុ ៧៦ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ារកឃើញថា បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ២ករណី ជុំវិញការនាំចូល និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងបទចោទមួយករណីទៀត ពាក់ព័ន្ធនឹងការរំលោភបំពានវិធានការទប់ស្កាត់ ការឆ្លងរាលដាល COVID-19។

តាមរយៈការផ្តន្ទាទោសបន្ថែមនេះ ធ្វើឱ្យលោកស្រី ស៊ូ ជី ត្រូវជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំ ដោយបូកបញ្ចូលទាំងការផ្ដន្ទាសទោស លោកស្រីដាក់ពន្ធនាគារ ២ឆ្នាំ កាលពីចុងឆ្នាំ២០២១ នោះទៀត។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២១ តុលាការមីយ៉ាន់ម៉ា បានផ្ដន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ដាក់ពន្ធនាគារ ០៤ឆ្នាំ ពីបទញុះញង់ និងបំពានវិធានការទប់ស្កាត់ COVID-19 អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែក្រោយមក មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានស្នើឲ្យបន្ធូរបន្ថយទោសនេះមកនៅត្រឹម ២ឆ្នាំវិញ ហើយលោកស្រី ស៊ូ ជី នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារនេះ នៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ ក្នុងរដ្ឋធានីណៃពិដោ៕