(ប៉េកាំង)៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិកបានផ្សាយដំណឹងឱ្យដឹងថា មជ្ឈមណ្ឌល Tesla ក្រុង Wulumuqi ដែលជាមជ្ឈមណ្ឌល Tesla ទីមួយនៅភូមិភាគស៊ីនជាំងបានបើកទ្វារជាផ្លូវការ។ ប៉ុន្តែ ទង្វើនេះបានរងការវាយប្រហារពីអ្នកនយោបាយអាមេរិកមួយចំនួន។

លោក Marco Antonio Rubio សមាជិកព្រឹទ្ធសភាអាមេរិកបានសម្តែងការខឹងសម្បាររបស់ខ្លួនតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter។ លោកស្រី Jen Psaki អ្នកនាំពាក្យវិមាន ក៏បានព្រមានក្រុមហ៊ុន Tesla ថាវានឹង «ប្រឈមមុខនឹងហានិភ័យដ៏ធ្ងន់ធ្ងរផ្នែកច្បាប់ កិត្តិនាម និងអតិថិជន»។ ពាក្យសម្តីរបស់ពួកគេសុទ្ធតែ ពាក់ព័ន្ធនឹងអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ» ដែលបានចុះហត្ថលេខាទៅជាច្បាប់នៅ សហរដ្ឋអាមេរិកនៅពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនប៉ុនប៉ងឆ្លងតាមរយៈសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងសេវាកម្មរវាងសហគ្រាសអាមេរិកនិងភូមិភាគស៊ីនជាំងរបស់ចិន។

ចំណែក ទង្វើរបស់ក្រុមហ៊ុន Tesla នេះវិញ វាហាក់ដូចជាវាយមុខរបស់អ្នកនយោបាយអាមេរិកទាំងនោះ។ តាមការពិត ក្នុងនាមជាសហគ្រាសអាមេរិកមួយកិច្ចការ របស់ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីក្រុងចំនួន ៦០របស់ចិន និងបើកហាងលក់រថយន្តជាង២០០កន្លែង នៅទូទាំងប្រទេសចិន ហើយបរិមាណរថយន្តដែល ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២១ នៃរោងចក្រក្រុងសៀងហៃ គឺត្រូវជាជិតពាក់កណ្តាលនៃបរិមាណរថយន្តសរុបដែលដាក់ឱ្យប្រើប្រាស់នៅទូទាំងពិភពលោក
នៃក្រុមហ៊ុននេះ។

តើភូមិភាគស៊ីនជាំងដ៏ពិតប្រាកដមានសភាពយ៉ាងណា? ក្រុមហ៊ុន Tesla បានផ្តល់ចម្លើយតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។ ហើយជនបរទេសជាច្រើន ដែលធា្លប់ទៅលេងនៅភូមិភាគស៊ីនជាំង ក៏បានឆ្លើយសំនួរនេះតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ នៅឆ្នាំ២០២០ ភូមិភាគស៊ីនជាំងបានទទួលអ្នកទេសចរសរុប ចំនួន ១៥៨លាននាក់ ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍនៃភូមិភាគស៊ីនជាំង ហើយក៏បានកត់ត្រាដោយកញ្ចក់កាម៉េរ៉ានូវខណៈពេល និងទិដ្ឋភាពនីមួយៗនៅទីនោះផងដែរ។

អ្នកនយោបាយអាមេរិកដែលអង្គុយនៅលើកៅអីរញ្ជួយទាំងនោះគ្មានប៉ុន្មាននាក់ធ្លាប់ទៅទស្សនាភូមិភាគស៊ីនជាំងនោះទេ។ ពាក្យកុហកដែលប្រឌិតចេញទាំងនោះ គ្រាន់តែបោកបញ្ឆោតខ្លួនឯងប៉ុណ្ណោះទេ៕