(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៣០៨,៦១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣០៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦១,២៦៣,០៣០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៩,៣៥៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.២៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍នេះថា វីរុស COVID-19 បំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រា អ្នកចូលសម្រាកក្នុងមន្ទីរពេទ្យ កើនយ៉ាងគំហុកឡើងវិញ បើធៀបនឹងអំលុងខែមករា ឆ្នាំ២០២១ ដែលជាពេលអាមេរិកបានរងការវាយលុកខ្លាំង ដោយសារវីរុស Delta។ តែយ៉ាងណា អត្រាស្លាប់បង្កឡើងដោយ Omicron គឺហាក់នៅទាបជាង Delta។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៩លានដូស ក្នុងនោះប្រជាជន ២៤៦.៨១លាននាក់ (៧៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.០៤លាននាក់ (៦២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៥.២៣លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕