(ញូយ៉ក)៖ អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បាន ឱ្យដឹងថាមនុស្សយ៉ាងហោច ១៩នាក់ ក្នុងនោះមានកុមារ ៩នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារអាផាតធឺមិនមួយកន្លែង ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថាពួកគេបានឃើញ និងបានឮសំឡេងអ្នកកំពុងជាប់នៅក្នុងអគារអាផាតធឺមិន ស្រែកហៅឱ្យគេជួយចេញពីបង្អួច នៅពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលអាជ្ញាធរអះអាងជាបឋមថាបង្កឡើងដោយឧបករណ៍កម្ដៅអេឡិចត្រូនិកមួយគ្រឿង។

បើតាមអាជ្ញាធរនៅក្នុងទីក្រុងញូយ៉ក មនុស្ស១៩នាក់ ក្នុងនោះមានកុមារ៩នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និង៦៣នាក់ទៀតរងរបួស ក្នុងនោះមានទាំងអ្នក រងរបួសធ្ងន់ផងដែរ។ ក្រុមអ្នកពន្លត់អគ្គិភ័យ ២០០នាក់បានប្រយុទ្ធតស៊ូនឹងអណ្ដាតភ្លើងដែលបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារអាផាតធឺមិនមានខ្ពស់ ១៩ជាន់ខាងលើ ស្ថិតនៅក្នុងតំបន់ Bronx កាលពីម៉ោងប្រហែលជាមុនម៉ោង១១៖០០នាទីព្រឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រហូតដល់គ្រប់គ្រងស្ថានការណ៍បាន៕