(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រសួងការបរទេសអ៉ីរ៉ង់ បានកត់ឈ្មោះជនជាតិអាមេរិកសរុបចំនួន ៥១រូប ចូលក្នុងបញ្ជីខ្មៅ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងករណីធ្វើឃាត មេបញ្ជាការយោធាអ៉ីរ៉ង់ លោក កាសិម សូឡីម៉ានី (Qassem Soleimani) កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសអ៉ីរ៉ង់បានអះអាងថា បញ្ជីខ្មៅថ្មីខាងលើ ដែលរួមមានទាំងឈ្មោះលោក ម៉ាក មៀល្លី (Mark Milley) នាយសេនាធិការកងទ័ពចម្រុះអាមេរិក និងលោក រ៉ូបឺត អូប្រាយអិន (Robert O'Brien) អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក ផងដែរនោះ គឺស្របទៅតាមការអនុវត្តច្បាប់របស់អ៉ីរ៉ង់ ស្តីពីការប្រយុទ្ធប្រឆាំងអំពើរំលោភសិទ្ធិមនុស្ស ក៏ដូចជាសកម្មភាពគំរាមកំហែង និងគ្មានការកោតក្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

កាលពីមួយឆ្នាំមុន ទីក្រុងតេហរ៉ង់ ក៏បានប្រកាសដាក់ទណ្ឌកម្មលើ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ រួមជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួនទៀតផងដែរ ជុំវិញការធ្វើឃាតលោក Soleimani។

គួរបញ្ជាក់ថា លោក Qassem Soleimani ដែលជាមេបញ្ជាការកងអង្គភាពពិសេស ឃូដ (Quds) នៃកងកម្លាំងឆ្មាំការពារបដិវត្តន៍របស់ប្រទេសអ៉ីរ៉ង់ ត្រូវបានគេសម្លាប់នៅលើទឹកដីប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដែលធ្វើឡើងក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ ដែលកាលនោះ នៅជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឡើយ៕