(អេត្យូពី)៖ ការវាយប្រហារតាមផ្លូវអាកាសមួយលើតំបន់ Tigray ស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី បានសម្លាប់មនុស្ស ៥៦នាក់ និង៣០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីមនុស្សធម៌២នាក់ បានឱ្យដឹងទៀតថាការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃសុក្រ កន្លងទៅនេះ លើជំរំជនភៀសខ្លួនមួយកន្លែង នៅក្នុងទីក្រុង Dedebit នៃភាគពាយព្យតំបន់ Tigray ស្ថិតនៅក្បែរពំ្រដែនជាមួយប្រទេស អេរីត្រេ។ មន្ត្រីទាំង២នាក់នេះដដែលដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបន្ថែមថាចំនួនអ្នកស្លាប់ ក៏ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរក្នុងតំបន់ផងដែរ។

តែភ្លាមៗ ខាងរដ្ឋាភិបាលអេត្យូពីមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការវាយប្រហារតាមផ្លូវអាកាសលើតំបន់ Tigray ជាទីដែលកងកម្លាំងរដ្ឋាភិបាលកំពុងធ្វើ សង្រ្គាមប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធនៃតំបន់មួយនេះ តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ៕