(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៥៥៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៤០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីសហគមន៍ទាំងអស់។ ដោយឡែករដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៧៩១ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៣៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Khánh Hòa មានចំនួន៧៩៨ករណី, ខេត្ត Hải Phòng ចំនួន៧៤៨ករណី និងខេត្ត Bình Định ចំនួន៧៤២ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨៧៦,៣៩៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤៨៨,០៣៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៤,១១៧នាក់៕