(កាហ្សាក់ស្ថាន)៖ ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានថ្លែងនៅថ្ងៃសៅរ៍នេះថា នឹងគ្មានឡើយនូវកិច្ចសន្ទនា ជាមួយក្រុមភេរវករ ខណៈប្រទេសអាស៊ីកណ្តាលមួយនេះ បានជួបប្រទះការតវ៉ា និងអំពើហិង្សាជាប្រវត្តិសាស្ត្រ នៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីកាហ្សាក់ស្ថានបានលើកឡើងទៀតថា បាតុកម្មដែលបានកើតមានឡើង កន្លងមកនេះ គឺមានការរៀបចំ និងប្រព្រឹត្តដោយពួកភេរវករ ដែលទទួលបានការហ្វឹកហ្វឺននៅឯក្រៅប្រទេស។ លោក Tokayev បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បើតាមគំនិតដ៏ល្អិតល្អន់របស់ខ្ញុំ គឺគ្មានឡើយកិច្ចសន្ទនាជាមួយពួកភេរវករ... យើងត្រូវតែសម្លាប់ពួកភេរវករទាំងនោះ»

បើតាមលោកប្រធានាធិបតីរូបនេះ ក្រុមជនអន្ធពាល និងពួកភេរវករបានទទួលការហ្វឹកហ្វឺន និងរៀបចំផែនការបានយ៉ាងច្បាស់លាស់ ហើយក៏ត្រូវបានបង្គាប់បញ្ជាដោយ ទីបញ្ជាការកណ្តាលពិសេសថែមទៀត។ លោកបានបន្តទៀតថា ក្រុមអ្នកចាត់ចែងការតវ៉ាកន្លងមកនេះ ខ្លះមិនទាំងចេះនិយាយភាសាកាហ្សាក់ស្ថានផង។ ឈានចូលមកដល់ថ្ងៃសៅរ៍នេះ ស្ថានការណ៍ក្នុងទីក្រុងមួយចំនួន រួមទាំងរដ្ឋធានី អាល់ម៉ាធី (Almaty) ផងដែរ នៅតែមានភាពតានតឹង ដោយសំឡេងបាញ់បោះដាក់គ្នា នៅតែលាន់ឮជាបន្តបន្ទាប់។

គួរបញ្ជាក់តាមលោក Kassym-Jomart Tokayev បានអះអាងថា កន្លងមកនេះមានរលកនៃការវាយប្រហារ ដោយភេរវកម្មសរុបចំនួន ៦លើក នៅក្នុងរដ្ឋធានី អាល់ម៉ាធី ដោយមានការចូលរួមពីមនុស្សសរុបជាង ២ម៉ឺននាក់។ ភាពចលាចលបានកើតចេញពីការតវ៉ា ទៅលើបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ដោយចាប់ផ្តើមពីទីក្រុងមួយចំនួនដូចជា ហ្សាណាអូហ្សិន (Zhanaozen) និងអាកតាវ (Aktau) រួចក៏រីកសាយភាយទៅកាន់ទីក្រុងផ្សេងៗទៀត រួមទាំងរដ្ឋធានី អាល់ម៉ាធី។

បើតាមរដ្ឋាភិបាលកាហ្សាក់ស្ថាន ការតវ៉ាតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិអស់ជាង ២០០លានដុល្លារអាមេរិក។ ដោយឡែក មនុស្សជាង ៤,២០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះយ៉ាងហោចណាស់ ១០០នាក់ជាជនបរទេស។ កាលពីថ្ងៃសុក្រម្សិលមិញនេះ តួលេខពីរដ្ឋាភិបាលកាហ្សាក់ស្ថានបានបញ្ជាក់ថា កងកម្លាំងប៉ូលិស ១៨នាក់ និងមនុស្សរាប់សិបនាក់ទៀតបានស្លាប់ នៅក្នុងការតវ៉ា និងបង្ក្រាប៕