(សេអ៊ូល)៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ហៅកាត់ថា USFK បានបង្កើនកម្រិតការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺ COVID-19 ខណៈចំនួនករណីឆ្លងរាតត្បាត បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

ករណីឆ្លងថ្មីៗដែលទើបត្រូវបានប្រកាស នៅថ្ងៃសៅរ៍នេះតែម្តងគឺ ៦៨២ករណី ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអាស៊ីបូព៌ាមួយនេះ កើនឡើងដល់ ៣,០២៧ករណី។ ទីបញ្ជាការ USFK បានប្រាប់ឲ្យដឹងទៀតថា ៩០% នៃកងទ័ព, ក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលិកពាក់ព័ន្ធ សុទ្ធតែត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។

គួរបញ្ជាក់ថា ក្រៅពីប្រទេសកូរ៉េខាងត្បូង មូលដ្ឋានទ័ពអាមេរិកនៅលើកោះ អូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ក៏បានមើលឃើញករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងយ៉ាងគំហុកផងដែរ ដែលបានជំរុញឲ្យអាជ្ញាធរក្នុងតំបន់ ស្នើឲ្យដាក់ការរឹតបន្តឹង លើការចល័តរបស់កងកម្លាំងយោធាអាមេរិក នៅលើដែនកោះនោះ។

សម្រាប់មូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង កងទ័ពសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងហាមសមាជិកយោធាទាំងឡាយ មិនឲ្យចូលទៅក្នុងភោជនីយដ្ឋាន, ផ្សារទំនើប, បារ, ក្លឹបកម្សាន្ត, កន្លែងហាត់ប្រាណ, រោងកុន, កន្លែងម៉ាស្សា និងទីកន្លែងបិទជិតផ្សេងៗទៀតនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ដោយឡែក ការធ្វើដំណើរទៅកាន់រដ្ឋធានីសេអ៊ូល ក៏នឹងត្រូវហាមឃាត់ផងដែរ៕