(តូក្យូ)៖ ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការស្នាក់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ជិត ២សប្តាហ៍នោះ មហាសេដ្ឋីប្រាក់ពាន់លានរបស់ជប៉ុន លោក យូសាគុក ម៉ាអ៊ិហ្សាវ៉ា (Yusaku Maezawa) បានថ្លែងចេញនូវមហិច្ឆតាថ្មីរបស់លោក ដែលអាចនឹងពិបាកជាងមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នាល្ងាចថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

គោលដៅថ្មីរបស់លោក Maezawa នោះគឺអន្លង់ ម៉ារីយ៉ាន (Mariana Trench) ជាចំណុចជ្រៅបំផុតនៃសមុទ្ររបស់ភពផែនដី។ Mariana Trench ដែលធ្លាប់មានតែគ្រឿងយន្តមុជទឹកប៉ុណ្ណោះបានទៅដល់នោះ មានជម្រៅជាង ១០គីឡូម៉ែត្រ និងស្ថិតនៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា លោក Maezawa និងជំនួយការលោកឈ្មោះ យ៉ូហ្សូ ហ៊ីរ៉ាណុ (Yozo Hirano) បានចំណាយពេល ១២ថ្ងៃ ស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ជាទីដែលពួកគេបានផលិតវីដេអូឯកសារ អំពីជីវិតនៅក្នុងទីអវកាស ជាការអបអរចំពោះឆាណែល YouTube របស់មហាសេដ្ឋីរូបនេះ ដែលទទួលបាន subscribers រហូតដល់ ១លាននាក់។

នៅថ្ងៃសុក្រនេះ មហាសេដ្ឋីជប៉ុន Yusaku Maezawa បានផ្តល់បទសម្ភាសន៍ជាលើកដំបូង គិតចាប់តាំងពីលោកបានមកដល់ទឹកដីកំណើតវិញ នោះគឺប្រទេសជប៉ុន។ លោក Maezawa បានសង្កត់ធ្ងន់ថា ក្រោយការស្នាក់នៅ ISS រួច បានធ្វើឲ្យលោកកាន់តែស្រឡាញ់ភពផែនដីនេះកាន់តែខ្លាំង ព្រោះនៅផ្ទះលោកអាចស្រូបយកខ្យល់អាកាស និងដឹងក្លិនអ្វីៗគ្រប់យ៉ាងនៅជុំវិញ ព្រមទាំងមានរដូវកាលច្បាស់លាស់ផងដែរ៕