(បាងកក)៖ ប្រទេសថៃនៅថ្ងៃសុក្រនេះ បានប្រកាសថា កម្មវិធីលើកលែងការធ្វើចត្តាឡីស័ក នឹងត្រូវបន្តផ្អាកបន្ថែមទៀត រួមជាមួយការចេញវិធានការរឹតត្បិតថ្មីៗ បន្ទាប់ពីករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ នៅតែមានការកើនឡើង ដោយសារជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ដោយសារតែក្តីបារម្ភអំពី Omicron ថៃបានចាប់ផ្តើមផ្អាកកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក ហៅថា Test & Go ចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ហើយឥឡូវនឹងត្រូវបន្តផ្អាកទៀត។ ប៉ុន្តែចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថៃនឹងលុបចោលវិញនូវ បម្រាមលើអ្នកដំណើរ មកពីប្រទេសអាហ្រ្វិកចំនួន៨ ដែលកន្លងមកត្រូវបានចាត់ទុក ជាប្រទេសមានហានិភ័យខ្ពស់។

ជាមួយគ្នានេះ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងប្រទេសផ្ទាល់ ការពិសាគ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន នឹងត្រូវផ្អាកនៅក្រោយម៉ោង៩យប់ ក្នុងខេត្តចំនួន៨ រួមទាំងរាជធានីបាងកក ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយវានឹងត្រូវហាមឃាត់ទាំងស្រុងតែម្តង នៅតាមខេត្តចំនួន៦៩ ដទៃទៀតរបស់ប្រទេសថៃ។

នៅថ្ងៃសុក្រនេះ ថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ៧,៥២៦នាក់បន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ ហើយស្មើនឹងទ្វេដងបើធៀបជាមួយ តួលេខកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។ អាជ្ញាធរសុខាភិបាលថៃបារម្ភថា បើបណ្តោយតទៅទៀត ករណីឆ្លងអាចនឹងកើនដល់ខ្ទង់រាប់ម៉ឺននាក់ នៅត្រឹមចុងខែនេះជាមិនខាន។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃក៏ទើបតែបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ COVID-19 ទៅដល់កម្រិតខ្ពស់បំផុតទីពីរផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២៥២,៧៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៧៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៨៨,៣៩៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៦.៥លានដូស ក្នុងនោះប្រជាជន ៤៦.៨៥លាននាក់ (៦៦.៩៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕