(ឡុងដ៍)៖ ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បានចេញបញ្ជាឲ្យកងកម្លាំងយោធា ២០០នាក់ ចុះទៅជួយសម្រួលការងារនៅតាមមន្ទីរពេទ្យ ចំពោះមុខកំណើននៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុក និងការខ្វះខាតបុគ្គលិកសុខាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិអង់គ្លេស កងកម្លាំងយោធាទាំង ២០០នាក់ ដែលត្រូវបានចាត់តាំងនេះ នឹងអាចចុះទៅធ្វើជាជំនួយការ ដល់ក្រុមសេវាកម្មសុខាភិបាលជាតិ (NHS) នៅទីក្រុងឡុងដ៍ សម្រាប់រយៈពេល ៣សប្តាហ៍ទៀត។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ក៏បានបង្គាប់ឲ្យក្រុមការងារធ្វើតេស្តរក COVID-19 បង្កើនសកម្មភាពរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនៅក្នុងរដូវរងានេះ បាននិងកំពុងមើលឃើញ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងយ៉ាងគំហុកបំផុត បង្កឡើងដោយមេរោគ COVID-19 បំប្លែងថ្មី Omicron ខណៈអត្រាឆ្លងនៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ បានលោតដល់ខ្ទង់ ១៥០,០០០នាក់ក្នុង១ថ្ងៃឯណោះ។

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានក្រើនរំលឹកបណ្តាប្រទេសនានានៅលើពិភពលោកថា មេរោគ Omicron ប្រហែលជាមិនអាច បង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ តែវាក៏មិនគួរត្រូវបានចាត់ទុកជាជំងឺស្រាលនោះដែរ៕