(អាម៉ាធី)៖ ភាពចលាចល និងអំពើហិង្សាទៅវិញទៅមក រវាងកងកម្លាំងប៉ូលិស និងក្រុមកុបករនៅក្នុងរដ្ឋធានី អាល់ម៉ាធី (Almaty) នៃប្រទេសកាហ្សាក់ស្ថាន បានបណ្តាលឲ្យមន្ត្រីប៉ូលិស ១៨នាក់ និងកុបកររាប់សិបនាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានអះអាងថា ភាពចលាចលនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកាហ្សាក់ស្ថាននេះ ត្រូវបានបង្កឡើងដោយក្រុមភេរវករ ដែលបានទទួលការបង្វឹកពីបរទេស ហេតុដូច្នេះទើបលោកបានដាក់ការស្នើ ឲ្យរុស្ស៊ីបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលមកគ្រប់គ្រងស្ថានការណ៍នេះតែម្តង។

ប្រធានាធិបតីនៃប្រទេស ដែលធ្លាប់ចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ ថែមទាំងបានប្តេជ្ញានៅថ្ងៃសុក្រនេះទៀតថា នឹងកម្ទេចចលនាកុប្បកម្ម ឲ្យបាននៅក្នុងរយៈឆាប់រហ័សបំផុត។ លោក Tokayev ក៏បានថ្លែងអំណរគុណ ចំពោះប្រទេសចិន និងអង្គការអន្តរជាតិនានា ដែលបានប្រកាសគាំទ្រ រដ្ឋាភិបាលកាហ្សាក់ស្ថានផងដែរ។

គួរបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែនៅដើមឆ្នាំថ្មីនេះ ការមិនចុះសម្រុងគ្នារវាងប្រជាជន និងរដ្ឋាភិបាល ជុំវិញបញ្ហាឥន្ធនៈឡើងថ្លៃ បានបង្កឱ្យមានការតវ៉ា រហូតផ្ទុះជាអំពើហិង្សា។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មី នៅទីក្រុង អាល់ម៉ាធី (Almaty) បន្ទាប់ពីកងទ័ពរបស់រុស្ស៉ី ត្រូវបានបញ្ជូនទៅកាន់កាហ្សាក់ស្ថាន ដើម្បីជួយបង្រ្កាបភាពចលាចល។

ជុំវិញបញ្ហាខាងលើនេះ លោកស្រី ជែន ផ្សាគី (Jen Psaki) អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «យើងកំពុងឃ្លាំមើលយ៉ាងដិតដល់លើ សេចក្តីរាយការណ៍ ដែលថាអង្គការ CSTO (ជាអង្គការដែលមានសមាជិកសរុប ៦ប្រទេស ដែលសុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) បានចល័តកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ទៅកាន់ប្រទេសកាហ្សាក់ស្ថាន។ យើងមានសំណួរទាក់ទងទៅនឹង ចេតនាពិតប្រាកដនៃការបញ្ជូនកម្លាំងទ័ពនេះ ហើយតើវាគឺជា ការស្នើអញ្ជើញដោយត្រឹមត្រូវ ឬក៏យ៉ាងណា។ ពួកយើងមិនទាន់ដឹងច្បាស់ទេនាពេលនេះ»

យ៉ាងណាក៏ដោយ ទាំងប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ីដែលជាបងធំនៅក្នុងតំបន់នោះ សុទ្ធតែបានចោទប្រកាន់ថា ភាពចលាចលដែលមិនធ្លាប់កើតមានរាប់ទសវត្សរ៍ នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ បានផ្ទុះឡើងដោយសារតែការលូកលាន់ពីបរទេស៕