(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ឥណ្ឌាបានរាយការណ៍ពី ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១១៧,១០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខច្រើនបំផុត បើគិតចាប់តាំងពីកំលុងដើមខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បាននិងកំពុងគ្របដណ្តប់ករណីឆ្លងជំនួសវីរុស ដែលតា (Delta) នៅតាមទីក្រុងក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

នាថ្ងៃដដែល ក្រសួងសុខាភិបាលឥណ្ឌា ក៏បានរាយការណ៍ពីអ្នកជំងឺបាត់បង់ជីវិតចំនួន ៣០២នាក់ថ្មីផងដែរ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុប ដោយសារ COVID-19 កើនដល់៤៨៣,១៧៨នាក់ ខណៈករណីឆ្លងសរុបកើនដល់ ៣៥.២៣លាននាក់។ តួលខប្រចាំថ្ងៃទាំងនេះ មិនទាន់អាចប្រៀបបានជាមួយ តួលេខអ្នកឆ្លងនិងស្លាប់នៅក្នុងប្រទេសឥណ្ឌា កំលុងរលកឆ្លងរាលដាលដ៏អាក្រក់ កាលពីឆ្នាំមុននៅឡើយទេ។ ប៉ុន្តែអ្វីដែលគេកតសម្គាល់ឃើញ គឺអត្រាករណីឆ្លងបានកើនយ៉ាងគំហុក ក្នុងសប្តាហ៍នេះ ដែលជំរុញដោយវីរុស Omicron។ ក្រុមអ្នកជំនាញឥណ្ឌាមួយចំនួន បានព្យាករថា យោងតាមទំនោរបច្ចុប្បន្ន អត្រាឆ្លងរាតត្បាតអាចនឹងកើនឡើងខ្ពស់ខ្លាំងសាជាថ្មី រហូតលើសពីកំណត់ត្រាចាស់ថែមទៀតផង។

គួរបញ្ជាក់ថា កំលុងរលកឆ្លងរាលដាលយ៉ាងអាក្រក់កាលពីឆ្នាំមុន គឺចន្លោះខែមេសា-ឧសភា ឆ្នាំ២០២១ ករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌា បានលោតឡើងដល់ចំណុចខ្ពស់បំផុត គឺជាង៤០ម៉ឺនករណី ខណៈចន្លោះពេលនោះអ្នកជំងឺរាប់ពាន់នាក់ បានបាត់បង់ជិវិតរៀងរាល់ថ្ងៃ។ យ៉ាងណាក្តី នាពេលនេះ ឥណ្ឌាត្រូវគេមើលឃើញថា ហាក់ស្ថិតក្នុងស្ថានភាពប្រសើរជាងមុន ក្នុងការទប់ទល់ជាមួយរលកឆ្លងរាលដាលថ្មីនៃ COVID-19 ដ្បិតវីរុស Omicron ទំនងជាមិនសូវបង្កជំងឺធ្ងន់ធ្ងរដូចវីរុស Delta ហើយឥណ្ឌាក៏បានប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន ក៏ដូចជា ចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនគួរសមផងដែរ៕