(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចកត់បញ្ចូលឈ្មោះ មន្ត្រីរដ្ឋាភិបាលគុយបាសរុប ៨នាក់ ទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ពួកគេទាំងនេះ មិនឲ្យចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលជាអ្នកចាត់ចែងបញ្ជីខ្មៅខាងលើនេះ មិនទាន់បានបញ្ជាក់អំពីឈ្មោះ និងតួនាទីរបស់មន្ត្រីគុយបាទាំង ៨នាក់នោះនៅឡើយទេ ខណៈលោករដ្ឋមន្ត្រីការបរទេស អាន់តូនី ប្លីងគែន (Antony Blinken) បានថ្លែងថា ការសម្រេចចិត្តបែបនេះ គឺជាការឆ្លើយតបចំពោះការបង្ក្រាបបាតុកម្ម និងចាប់បាតុករដាក់ពន្ធនាគារដោយអយុត្តិធម៌ ពីសំណាក់អាជ្ញាធរគុយបា។

គួរបញ្ជាក់ថា បាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីបដិវដ្តន៍ ហ្វីដែល ខាស្ត្រូ (Fiden Castro) ឆ្នាំ១៩៥៩ បានកើតមានឡើងនៅប្រទេសគុយបា កាលពីខែកក្កដា ឆ្នាំ២០២១ ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងការរាតត្បាតជំងឺ COVID-19។ ជាលទ្ធផលបាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមួយចំនួនបានជាប់ឃុំខ្លួនជាបណ្តោះអាសន្ន និងមួយចំនួនទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

លោក Antony Blinken បានសង្កត់ធ្ងន់ថា បាតុករគុយបាប្រមាណ ៦០០នាក់ នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារនៅឡើយ បន្ទាប់បាតុកម្មត្រូវបានបិទបញ្ចប់ ហើយក្រុមអ្នកការពារសិទ្ធិមនុស្ស បានអះអាងកាលពីពេលថ្មីៗនេះថា មួយចំនួននៃអ្នកកំពុងជាប់ឃុំទាំងនោះ មិនបានទទួលចំណីអាហារ និងថ្កាំសង្កូវ គ្រប់គ្រាន់នោះឡើយ ស្របពេលដែលពួកគេកំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរ៕