(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបគ្នាតាមទូរស័ព្ទដ៏កម្រជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីកិច្ចចរចារវាងភាគីទាំង២ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធនឹងការប្រមូលផ្ដុំ កងទ័ពរបស់រុស្ស៊ី នៅក្បែរព្រំដែននៃប្រទេសអ៊ុយក្រែន។ នេះបើតាមមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានបញ្ជាក់ថានៅក្នុងជំនួបតាមទូរស័ព្ទ ប្រមុខការពារជាតិនៃប្រទេសទាំង២ បានជជែកគ្នា ពីការកាត់បន្ថយភាពតានតឹង ក៏ដូចជាហានិភ័យនានានៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចនៅតែបារម្ភថារុស្ស៊ីអាចនឹង ប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។

ជំនួបខាងលើកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងក្រុមមន្ត្រីអាមេរិក និងរុស្ស៊ីត្រូវជួបមុខគ្នាដោយផ្ទាល់នៅឯទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីសាកល្បងព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ សប្ដាហ៍នេះក៏បានលើកឡើងដែរថាកិច្ចចរចាជាមួយរុស្ស៊ី នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ នឹងមិនទទួលបានជោគជ័យឡើយ ដរាបណានៅតែមាន «កាំភ្លើងភ្ជង់ក្បាល អ៊ុយក្រែន»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ពន្ធលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនដែលនេះ ជាសកម្មភាពមួយត្រូវបានចារកម្មអាមេរិកអះអាងថាជាការត្រៀមលក្ខណៈបើកវាយប្រហារលើអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ស្របពេលក្រុមអ្នកជំនាញខ្លះយល់ថាសកម្មភាពកងទ័ពរុស្ស៊ីគឺជាសារមួយដែលលោក ពូទីន ចង់ផ្ញើជូនអាមេរិក និងលោកខាងលិចថាមិនត្រូវអនុញាតឱ្យអ៊ុយក្រែន ក្លាយជាសមាជិក ឬចូលរួមក្នុងអង្គការ NATO ជាដាច់ខាត៕