(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៧៥១,៥១២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,១៤៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៩,៥៦៤,១១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៥,៨៤៣នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.០១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃក្រុមហ៊ុនអាមេរិក Pfizer បាននិយាយថា ទិន្នន័យចុងក្រោយនៃការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 ក្រោមកិច្ចសហការជាមួយក្រុមអាល្លឺម៉ង់ BioNTech លើកុមារមានអាយុក្រោម ៥ឆ្នាំ អាចនឹងរួចរាល់ ឬចេញផ្សាយនៅខែមេសាខាងមុខនេះ ហើយក្រុមហ៊ុនក៏កំពុងសិក្សាស្រាវជ្រាវពី «វ៉ាក់សាំងដូសទី ៣» សម្រាប់កុមារមានអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការដូសទី ២ រយៈពេល ៦ខែកន្លងទៅផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៤លានដូស ក្នុងនោះប្រជាជន ២៤៥.២៧លាននាក់ (៧៤.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៥.២លាននាក់ (៦២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧២.១៤លាននាក់ (២១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕