(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឱ្យដឹងថាសហរដ្ឋអាមេរិក និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ក្នុងការទប់ស្កាត់រាល់ការគំរាមកំហែងផ្នែកយោធា ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេងជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

ការលើកឡើងរបស់ខាងលើរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហរដ្ឋអាមេរិក និងជប៉ុន តាមប្រព័ន្ធអនឡាញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងផ្តោតសំខាន់លើតួនាទីរបស់ជប៉ុន ជុំវិញសំណុំរឿងតៃវ៉ាន់ និងកូរ៉េខាងជើង។

បើតាមលោករដ្ឋមន្ត្រីការបរទេសអាមេរិក វាជារឿងដ៏សំខាន់បំផុតក្នុងការរក្សាការពង្រឹង និងធ្វើទំនើបកម្មសម្ពន្ធភាពដ៏យូររអង្វែងរវាងអាមេរិក និងជប៉ុន ជាពិសេស នៅចំពោះមុខការកើនឡើងនៃការគំរាមកំហែងពីរុស្ស៊ី ចិន និងកូរ៉េខាងជើង។ លោក Blinken បានបញ្ជាក់បន្ថែមដូច្នេះថា «យើងកំពុងត្រៀមដំណើរការកិច្ចព្រមព្រៀង ស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍថ្មីមួយដែលនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ដូចជាទប់ស្កាត់ការគំរាមកំហែងពីមីស៊ីលល្បឿនលឿន ជាងសំឡេង»

គួរបញ្ជាក់ថា ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហរដ្ឋអាមេរិក និងជប៉ុន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាខ្លួនបាន ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ដោយជោគជ័យ ដែលនេះជាការធ្វើតេស្ដអាវុធប្រភេទនេះជាលើកទី២ ដោយកាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងម្ដងរួចមកហើយ។ បន្ថែមពីលើនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជប៉ុន និងអូស្ត្រាលី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំង២ផងដែរ៕