(ញូដេលី)៖ ទីក្រុងធំៗនៅក្នុងប្រទេសឥណ្ឌា ដូចជា Delhi, Mumbai និងទីក្រុង Kolkata កំពុងប្រឈមមុខនឹងការកើនឡើងនូវករណីឆ្លង COVID-19 ប្រចាំថ្ងៃ ទោះបីជាអត្រាអ្នកចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅមានកម្រិតទាបក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ៩០,៩២៨ករណី ហើយក្នុងចំណោមករណីឆ្លងទាំងនេះភាគច្រើនត្រូវបានរកឃើញ នៅក្នុងទីក្រុងធំៗ ជាទីដែលអាជ្ញាធរសុខាភិបាលអះអាងថាមេរោគបំប្លែងថ្មី Omicron បានគ្រប់ដណ្ដប់ក៏ដូចជាវ៉ាដាច់ករណីឆ្លងមេរោគបំប្លែងថ្មី Delta។ រីឯ អ្នកដែល បានឆ្លងភាគច្រើនទៀតសោត មានរោគសញ្ញាស្រាលតែប៉ុណ្ណោះ និងបានជាសះស្បើយដោយខ្លួនឯងនៅឯផ្ទះ។ ប៉ុន្តែ អ្វីដែលគេបារម្ភ នោះគឺថាករណីឆ្លងដែល បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron អាចនឹងកើនឡើងនៅតាមតំបន់ជនបទជាទីដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃពុធសប្ដាហ៍នេះបានកំណត់ទីក្រុង Delhi, Mumbai, Kolkata, Chennai និងទីក្រុង Bengaluru ជាតំបន់ដែលមាន ការកើនឡើងករណីឆ្លង COVID-19 គួរឱ្យបារម្ភ ខណៈមកទល់នឹងពេលនេះ ឥណ្ឌាបានរកឃើញមេរោគបំប្លែងថ្មី Omicron ជាង ២,១៣៥ករណី ក្នុងនោះមានមនុស្ស ម្នាក់ដែលមានវ័យចំណាស់ និងជំងឺទឹកនោមផ្អែម បានស្លាប់ដោយមេរោគបំប្លែងថ្មីនេះ៕