(ឌូបៃ)៖ សារព័ត៌មាននៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានដកស្រង់សម្តីរបស់អ្នកជំនាញ មួយរូបនៅអង្គការសុខភាពពិភពលោក (WHO) យ៉ាងដូច្នេះថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានប្រសិទ្ធភាពប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ ដែលបង្កឡើងដោយមេរោគ COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

លោក អាប់ឌី ម៉ាហាម៉ាត់ (Abdi Mahamud) អ្នកជំនាញខាងចាត់ចែង ស្ថានការណ៍បន្ទាន់មួយរូបរបស់ WHO សម្រាប់ជំងឺរាតត្បាតសកល បានថ្លែងយ៉ាងដូច្នេះថា «ភ័ស្តុតាងកាន់តែច្រើនបង្ហាញថា Omicron បង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាល ជាងមេរោគបំប្លែងប្រភេទមុនៗ»។ ការលើកឡើងនេះ ក៏ស្របទៅតាមការរកឃើញរបស់ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស និងអាហ្វ្រិកខាងត្បូង កាលពីពេលថ្មីៗនេះផងដែរថា Omicron អាចចម្លងបានរហ័សជាង វីរុសមុនៗជាពិសេស Delta ប៉ុន្តែភាពធ្ងន់ធ្ងររបស់អ្នកជំងឺក្រោយការឆ្លងវីរុសនេះ គឺនៅទាបជាង Delta។

គួរបញ្ជាក់ថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក៏ទើបតែបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងទើបបង្កើនប្រសិទ្ធភាពថ្មីរបស់ក្រុមហ៊ុនចិន Sinpharm ផងដែរ ដោយវានឹងត្រូវប្រើប្រាស់ជា «ដូសជំរុញ» សម្រាប់ប្រទេសអារ៉ាប់មួយនេះ។ បើតាមក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម វ៉ាក់សាំងថ្មីរបស់ក្រុមហ៊ុនចិន Sinopharm នេះ នឹងពង្រឹងប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសបំប្លែងថ្មី ប្រកបដោយសុវត្ថិភាព៕