(វ៉ាស៉ីនតោន)៖ មនុស្សចំនួន១២នាក់ បានបាត់បង់ជីវិត និង២នាក់បានរងរបួស កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅឯទីក្រុងហ្វីឡាឌែលផ្យា (Philadelphia) នៃរដ្ឋភែនស៉ីលវ៉ានៀ (Pennsylvania) របស់សហរដ្ឋអាមេរិក នៅពេលដែលគ្រោះអគ្គីភ័យបានកើតមានឡើង ក្នុងអគារស្នាក់នៅកម្ពស់៣ជាន់មួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំទីក្រុង Philadelphia បានឱ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរបស់ខ្លួន បានរួសរាន់នៅដល់កន្លែងកើតហេតុ នៅម៉ោង០៦៖៤០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយបានឃើញផ្សែងខ្មៅហុយទ្រលោមចេញពីជាន់ទី២។ គ្រោះអគ្គីភ័យនោះត្រូវគ្រប់គ្រងបាន ក្នុងរយៈពេល៥០នាទី ក្រោយពួកគេទៅដល់។

គួរបញ្ជាក់ថា បើតាមលោក ក្រេច មឺហ្វី (Craige) ស្នងការរងប៉ូលិសទីក្រុង Philadelphia មនុស្ស៨នាក់ ក្នុងចំណោមជនរងគ្រោះទាំង ១២នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងអគ្គីភ័យខាងលើ គឺជាកុមារ។ លោក Craige បាននិយាយថា មូលហេតុនៃភ្លើងឆេះនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ហើយលោកបានបន្ថែមថា នៅក្នុងអគារមានឧបករណ៍ប្រកាសអាសន្នពីគ្រោះអគ្គីភ័យចំនួន៤ ប៉ុន្តែសុទ្ធតែមិនដំណើរការទាំងអស់៕