(ប៉េកាំង)៖ នៅសល់មួយខែទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងបើកសម្ពោធជាផ្លូវការ។ ក្នុងនាមជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាមុនគេ ខណៈពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងរៀបចំធ្វើ ពិភពលោកក៏បាននិងកំពុងប្រឈមនឹង ការសាកល្បងជាច្រើន ដូចជាកូវីដ១៩រីកនៅតែបន្ដរីករាលដាល បណ្តាប្រទេសនានាកើតមានវិបតិ្តខាងទំនុកចិត្ត ការខ្វែងគំនិតគ្នា និងការប៉ះទង្គិចឥតឈប់ឈរ រហូតដល់បញ្ហាខាងនយោបាយ បានប៉ះពាល់ដល់ការប្រកួតកីឡាដ៏ឱឡារិកលើកនេះ។ ក្នុងបរិបទបែបនេះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងរៀបចំដោយជោគជ័យដោយយកឈ្នះលើឧបសគ្គទាំងអស់ ប្រការនេះពិតជានឹងបង្កើនចំណងមិត្តភាព រវាងប្រជាជននៃបណ្តាប្រទេសនានា លើកកម្ពស់ជំនឿចិត្តរបស់ប្រជាជន សម្រាប់យកឈ្នះលើភាពលំបាក ក៏ដូចជាបំភ្លឺនូវស្មារតីកីឡាអូឡាំពិកស្តីពី «កាន់តែសាមគ្គីភាព» ផងដែរ។

តាមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជិតនឹងបើកធ្វើ សហគមន៍អន្តរជាតិបានអំពាវនាវកាន់តែខ្លាំងឡើងៗ ឱ្យសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ និងប្រឆាំងចំពោះការយកកីឡា ទៅជាបញ្ហានយោបាយ។ ថ្លែងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានគូសបញ្ជាក់ថា វាច្បាស់ណាស់ដែលសហគមន៍អន្តរជាតិ គាំទ្រចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង «មានតែមនុស្សទាំងអស់គោរពបាននូវ ទស្សនៈស្តីពីការប្រកួតកីឡាអូឡាំពិក ចាំបាច់ត្រូវឱ្យហួសពីការប៉ះទង្គិចខាងនយោបាយ ទើបយើងអាចសម្រេចបាននូវ បេសកកម្មសាមគ្គីភាពរបស់ពិភពលោកនេះ»។

ក្នុងនាមជាទីក្រុងមុនគេបង្អស់ដែលបានរៀបចំ ទាំងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ និងរដូវរងា ក្រុងប៉េកាំងនឹងមិនឱ្យពិភពលោកអស់សង្ឃឹមទេ។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានឈានចូលដំណាក់កាលចុងក្រោយហើយ។ កីឡដ្ឋានចំនួន ១២កន្លែងបានសាងសង់រួចរាល់អស់ហើយ ព្រមទាំងត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតទាំងអស់ សំណង់មិនមែនកីឡដ្ឋាន ដូចជាបុរីកីឡាអូឡាំពិករដូវរងាចំនួន ៣កន្លែង និងមជ្ឈមណ្ឌលព័ត៌មានជាដើម ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ដោយឡែក ចាប់ពីថ្ងៃទី៥ ខែតុលា ដល់ចុងខែធ្នូ ឆ្នាំ២០២១ កីឡដ្ឋានចំនួន ៨កន្លែងបានរៀបចំការប្រកួតអន្តរជាតិ ១០លើកជាបន្តបន្ទាប់ សកម្មភាពអន្តរជាតិសបា្តហ៍បង្វឹកបង្ហាត់ ៣ លើក និងសកម្មភាពធ្វើតេស្តសាកល្បងក្នុងស្រុកពីរលើក។ អត្តពលិក មន្ត្រីអមដំណើរ និងបុគ្គលិកការងារចំនួនជាង ២ពាន់នាក់ដែលមកពីបរទេស បានចូលរួមសកម្មភាពទាំងនេះ។ នាពេលថ្មីៗកន្លងទៅនេះ លោក Lusien Velchev សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កីឡា នៃប្រទេសប៊ុលហ្គារី បានសរសេរអត្ថបទវាយតម្លៃថា «ដើម្បីត្រៀមខ្លួនរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ការងាររៀបចំចាត់ចែងរបស់ម្ចាស់ផ្ទះ បានធ្វើល្អពេញលេញ ក្នុងកីឡដ្ឋានទាំងអស់ សុទ្ធតែបានបំពាក់បរិក្ខាររួចរាល់អស់ហើយ! និយាយចំពោះអត្តពលិកចូលរួមការប្រកួតនិងទស្សនិកជន លក្ខណៈសម្បតិ្តបែបនេះគឺល្អឥតខ្ចោះ!»

មួយខែបន្ទាប់មក ក្រុងប៉េកាំងនឹងបង្ហាញទៅកាន់ពិភពលោក នូវការប្រកួតកីឡាដ៏ឱឡារិកមួយលើកដែល «មានភាពសាមញ្ញ សុវត្ថិភាពនិងល្អអស្ចារ្យ» នឹងសឱ្យឃើញនូវស្មារតីកីឡាអូឡាំពិក ដើម្បីលើកទឹកចិត្តឱ្យពិភពលោកទាំងមូល ជំនះលើជំងឺកូវីដ១៩ និងដើរចេញពីភាពលំបាកលំបិន។ ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានធ្វើត្រៀមលក្ខណៈរួចហើយដែរ។ សាមគ្គីភាពជាកម្លាំងសម្រាប់រួមគ្នាឆ្ពោះទៅរកអនាគត!៕ (#CCFR Comment#)