(ហុងកុង)៖ ទីក្រុងម៉ាកាវ បានប្រកាសហាមឃាត់អ្នកដំណើរបរទេសទាំងអស់ចូលមកក្នុងទឹកដីរបស់ខ្លួន រយៈពេល២សប្ដាហ៍ បន្ទាប់ពីរកឃើញ COVID-19 ចំនួន ៣ករណី នៅលើអ្នកដំណើរមកពីបរទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ការសម្រេចចិត្តដាក់ចេញបម្រាមខាងលើ ធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងហុងកុងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានដាក់ចេញបម្រាមធ្វើដំណើរលើអ្នកដំណើរមកពី ប្រទេសចំនួន ៨ ផងដែរដោយសារតែបារម្ភពីការឆ្លងរាលដាល COVID-19។ បើតាមការិយាល័យសុខាភិបាលនៃទីក្រុងម៉ាកាវ បម្រាមធ្វើដំណើរនេះនឹងត្រូវអនុវត្តលើ អ្នកដំណើរទាំងអស់ជាជនបរទេស ឬមិនមែនមកពីចិនដីគោក រយៈពេល ២សប្ដាហ៍ រាប់ចាប់ពីពាក់កណ្ដាលយប់ថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះតទៅ។ ចំណែកឯ ពលរដ្ឋម៉ាកាវ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលធ្វើដំណើរមកពីប្រទេសផ្សេង ពោលគឺមិនមែនមកពីប្រទេសចិន នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កយ៉ាងហោច២១ថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលទីក្រុងម៉ាកាវ បានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន៣ករណី ដែលសុទ្ធតែជាករណីឆ្លង មិនចេញរោគសញ្ញា ដោយពួកគេជាអ្នកដំណើរមកពីចក្រភពអង់គ្លេស និងហ្វីលីពីន៕