(ញូយ៉ក)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុនអាមេរិក Pfizer បាននិយាយថាទិន្នន័យចុងក្រោយនៃការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 ក្រោមកិច្ចសហការជាមួយក្រុមអាល្លឺម៉ង់ BioNTech លើកុមារមានអាយុក្រោម ៥ឆ្នាំ អាចនឹងរួចរាល់ ឬចេញផ្សាយនៅខែមេសាខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោកស្រី អាឡិចហ្សាន់ដ្រា ហ្គូមែន (Alejandra Gurtman) ជាអ្នកស្រាវជ្រាវវ៉ាក់សាំងនៃក្រុមហ៊ុន Pfizer កើតមានឡើងនៅក្រោយចូលរួមក្នុងជំនួបមួយដែលមានការចូលរួមពីក្រុមមន្ត្រីនៃមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី បានបញ្ជាក់ដូច្នេះថា «ការសិក្សាត្រូវបានកែសម្រួល ដោយផ្ដល់ការចាក់វ៉ាក់សាំងបង្ការដូសទី៣ ចំពោះកុមារដែលមានអាយុក្រោម ៥ឆ្នាំ នៅចន្លោះពេលយ៉ាងហោច ៨សប្ដាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកចុងក្រោយ ឬលើកទី២»

លោកស្រីបន្ថែមថាក្រុមហ៊ុន Pfizer រំពឹងថាអាចនឹងទទួលបានទិន្នន័យចុងក្រោយនៃការវ៉ាក់សាំងលើកុមារមានអាយុក្រោម៥ឆ្នាំ នៅដំណាច់ខែមីនា ឬក៏នៅដើម ខែមេសា ឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនក៏កំពុងសិក្សាស្រាវជ្រាវពីវ៉ាក់សាំងដូសទី៣ សម្រាប់កុមារមានអាយុពី៥ ដល់១១ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការដូសទី២ រយៈពេល៦ខែកន្លងទៅផងដែរ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ, ក្រុមហ៊ុនអាមេរិក Pfizer បានឱ្យដឹងថាខ្លួនសម្រេចចិត្តលើកែប្រែមួយចំនួនពាក់ព័ន្ធនឹងការធ្វើតេស្ដ ដោយសារតែកុមារ មានអាយុចន្លោះពី២ ដល់៤ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកម្រិត ៣មីក្រូក្រាម ចំនួន ២ដូស មិនមានអង់ទីករគ្រប់គ្រាន់ដូចជាកម្រិតវ៉ាក់សាំងចាក់លើក្មេង ជំទង់នោះទេ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ទទួលបានការអនុញ្ញាត សម្រាប់ការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក លើកុមារមានអាយុ ៥ឆ្នាំឡើងទៅ ខណៈការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ លើកុមារមានអាយុ ១២ឆ្នាំដល់១៥ឆ្នាំ ក៏កំពុងទទួលបានការគាំទ្រដែរ៕