(ប៉ារីស)៖ បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានសន្យាថានឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យ បាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅពេលអនាគត ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច និងលោកខាងកើត។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដ៏មហាកម្រ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថាការរីកសាយអាវុធនុយក្លេអ៊ែរត្រូវតែទប់ស្កាត់ នៅពេល អនាគត។ គ្មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះកើតឡើងនោះដែរ»

ការសន្យារបស់បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបាន ចូលជាធរមានតាំងតែពីឆ្នាំ១៩៧០មក ត្រូវបានពន្យារពេលដោយមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទថ្មី ដោយសារតែ COVID-19។ ការត្រួតពិនិត្យឡើងវិញ ចុងក្រោយបំផុតលើសន្ធិសញ្ញា NPT ដំបូងឡើងត្រូវធ្វើនៅថ្ងៃទី០៤ ខែមករានេះ។ ប៉ុន្តែ តើត្រឹមសេចក្ដីថ្លែងការណ៍រួម និងការសន្យាបែបនេះ ពិភពលោកពិតជាអាច ចៀសផុតពីសង្រ្គាមប្រល័យលោក ឬសង្រ្គាមនុយក្លេអ៊ែរបានដែរ ឬក៏យ៉ាងណា?

ក្រុមអ្នកជំនាញជាច្រើនយល់ស្របថាអាវុធនុយក្លេអ៊ែរគ្រាន់តែត្រូវបានប្រើប្រាស់ជាមធ្យោបាយកំញើញដាក់គ្នាទៅវិញទៅមករវាងពួកមហាអំណាចតែប៉ុណ្ណោះ។ តែ គ្មាននរណាម្នាក់ឱ្យដឹងជាមុនថាតើពួកគេនឹងមិនប្រើអាវុធនេះដែរ ឬទេនោះឡើយ ក្រោយសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេដែលប្រើអាវុធនុយក្លេអ៊ែរ រីឯជប៉ុនជាប្រទេសដំបូងគេបានភ្លក្សរសជាតិអាវុធប្រល័យលោកមួយនេះ នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។

មកទល់នឹងពេលនេះ ក្រៅពីប្រទេសជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥, កូរ៉េខាងជើង, ប៉ាគីស្ថាន, ឥណ្ឌា និងអ៉ីស្រាអែលក៏ត្រូវ បានគេរាយការណ៍ថាកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរផងដែរ ខណៈអ៉ីរ៉ង់ត្រូវបានគេចោទថាកំពុងបង្កើនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ពិតមែនទៅ ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងមានការប្រុងប្រយ័ត្នជាទីបំផុត ក្នុងការសម្រេចចិត្តចុចប៊ូតង់នុយក្លេអ៊ែរ តែវាក៏មិនប្រាកដថា ប្រទេសទាំងនេះជាពិសេសអាមេរិក ចិន និងរុស្ស៊ីនឹងមិនប្រើអាវុធនុយក្លេអ៊ែរនេះនោះដែរ។

ជាឧទាហរណ៍ នៅក្នុងករណីមានសង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនសម្រេចចិត្តចូលជួយកោះតៃវ៉ាន់ សួរថាតើគេអាចធានាបានទេថាចិននឹងមិនប្រើអាវុធនុយក្លេអ៊ែរ? ម្យ៉ាងវិញទៀត នៅក្នុងសំណុំរឿងអ៊ុយក្រែន បើមានអន្តរាគមន៍យោធាពីអាមេរិក និង NATO ឬក៏ សង្រ្គាមដែលប្រើប្រាស់អាវុធធម្មតាមិនអាចឱ្យរុស្ស៊ីទទួលជ័យជម្នះ តើលោក ពូទីននឹងសម្រេចចិត្តបែបណា ពោលគឺថាតើលោកនឹងឈរអោបដៃមើលអ៊ុយក្រែន ក្លាយជាផ្នែកមួយនៃលោកខាងលិចឬ?

តែទោះជាបែបនេះក្ដី ប្រទេសដែលធ្វើឱ្យគេបារម្ភខ្លាំងបំផុតនោះគឺកូរ៉េខាងជើង និងប៉ាគីស្ថាន ទៅវិញទេ។ លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថាជាមេដឹកនាំ ម្នាក់ដែលមិនមានស្ថិរភាព និងពិបាកស្មានជម្រៅចិត្ត។ និយាយបែបនេះ ប្រសិនបើលោកយល់ថាប្រទេសរបស់លោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ឬអសន្តិសុខ មិនអាចរើខ្លួនរួច នោះគេមិនអាចស្មានដឹងឡើយថាលោក គីម នឹងធ្វើអ្វីចេញមកខ្លះ។ ចំណែកឯ នៅក្នុងប្រទេសប៉ាគីស្ថានវិញ គឺថ្នាក់ដឹកនាំប៉ាគីស្ថានមួយចំនួនធំ មានមនោគមន៍វិជ្ជដាច់ណាត់ ហើយវាអាចនឹងមានគ្រោះថ្នាក់ ប្រសិនបើថ្ងៃណាមួយមេដឹកនាំរបស់ពួកគេណាម្នាក់ មិនអាចទប់ស្កាត់ជម្លោះជាមួយឥណ្ឌា ហើយ នេះមិនទាន់រាប់បញ្ចូលអ៉ីរ៉ង់ដែលត្រូវបានអ៉ីស្រាអែលចោទថាកំពុងសម្ងំលួចផលិតអាវុធនុយក្លេអ៊ែរផង។

ដូច្នេះត្រឹមតែពាក្យសន្យា ឬសេចក្ដីថ្លែងការណ៍មួយ វាមិនអាចធ្វើឱ្យពិភពលោកស្ងប់ចិត្តនោះទេ។ អ្វីដែលពួកមហាអំណាចត្រូវធ្វើ គឺទប់ស្កាត់ការរីកសាយអាវុធ
នុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ ព្រមទាំងមានយន្តការជាក់លាក់មួយដើម្បីនាំទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ តួយ៉ាង បើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរមែន នោះប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដូចជា អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប មុខជានឹងសម្លឹងឃើញការផលិតអាវុធប្រល័យលោកនេះដែរ ហើយបើអាវុធទាំងនេះធ្លាក់ចូលក្នុង ដៃពួកភេរវករ នោះពិភពលោកប្រហែលជាមិនអាចចៀសផុតពីគ្រោះមហន្តរាយឡើយ៕

ប្រភព៖ Jpost (ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២)