(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៧,០១៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៥០៥ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៤៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Tây Ninh មានចំនួន៨៦២ករណី, ខេត្ត Hải Phòng ចំនួន៧៩២ករណី និងខេត្ត Khánh Hòa ចំនួន៧៨២ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធរនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៣០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨១៧,៧២១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤៣៦,០៤៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,៤៧៥នាក់៕