(តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់ នាថ្ងៃពុធនេះបានធ្វើការហ្វឹកហ្វឺនស្ទាក់យន្តហោះចិន ស្របពេលដែលស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តស្ថិតក្នុងសភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

សមយុទ្ធខាងលើត្រូវបានធ្វើឡើងនៅឯ បន្ទាយយោធាមួយកន្លែងក្នុងទីក្រុងជាយី (Chiayi) នៅភាគខាងត្បូងកោះតៃវ៉ាន់។ ទីនោះគឺជាមូលដ្ឋាន ដែលក្រុមយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ ត្រូវបានចល័តជារឿយៗ ដើម្បីហោះទៅស្ទាក់យន្តហោះយោធារបស់ចិន ដែលបញ្ជូនមកក្បែរខ្លួន។ សមយុទ្ធនោះមានរយៈពេល៣ថ្ងៃ និងដើម្បីបង្ហាញពីសមត្ថភាពត្រៀមប្រយុទ្ធរបស់តៃវ៉ាន់ មុនបុណ្យចូលឆ្នាំប្រពៃណីចិន នៅចុងខែនេះ។

ភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំលុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតៃវ៉ាន់បានត្អូញត្អែពីការធ្វើប្រតិបត្តិការជាច្រើនលើកច្រើនសា របស់កងទ័ពអាកាសចិន នៅក្បែរដែនកោះនេះ។ តៃវ៉ាន់បានចាត់ទុកសកម្មភាពយោធារបស់ចិនថាជា យុទ្ធសាស្រ្តមួយដើម្បីធ្វើឱ្យតៃវ៉ាន់អស់កម្លាំង តាមរយៈការរួសរាន់បញ្ជូនយន្តហោះដើម្បីទៅស្ទាក់ឥតឈប់ឈរ និងដើម្បីធ្វើការស្ទាបស្ទង់អំពីសមត្ថភាពឆ្លើយតបរបស់តៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ក្នុងសារសម្រាប់ឆ្នាំថ្មីផ្ញើទៅកាន់ចិន កាលពីសប្តាហ៍មុន ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា ជម្លោះយោធាមិនមែនជាជម្រើសឡើយ។ ចំណែកទីក្រុងប៉េកាំងបានឆ្លើយតបជាមួយការព្រមានយ៉ាងម៉ឹងម៉ាត់ថា ប្រសិនបើតៃវ៉ាន់ហ៊ានឈានជើងរំលងបន្ទាត់ក្រហម នោះនឹងត្រូវប្រឈមមហន្តរាយយ៉ាងធំសម្បើម៕