(បាកដាដ)៖ ទីភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់ បានឱ្យដឹងថាគ្រាប់រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចំមូលដ្ឋានទ័ពអ៉ីរ៉ាក់មួយកន្លែង ជាទីដែលកងទ័ពអាមេរិកកំពុងឈរជើង ស្ថិតនៅ ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមទីភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់ ពួកគេបានរកឃើញជើងទម្របាញ់គ្រាប់រ៉ុក្កែត និងគ្រាប់រ៉ុក្កែតមួយគ្រាប់ នៅក្នុងស្រុក អាល់-ជីហាដ (al-Jihad) ស្ថិតនៅភាគខាងលិច ទីក្រុងបាកដាដ ពោលគឺស្ថិតនៅក្បែរអាកាសយានដ្ឋាន។ ប៉ុន្តែមិនមាននរណាម្នាក់រងរបួស ឬស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះទេ ហើយក៏មិនទាន់ មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះដែរ។

គួរបញ្ជាក់ថា យោធាអាមេរិកកាលពីពេលថ្មីៗនេះបានព្រមានពីការវាយប្រហារលើកងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ដើម្បីជាការសងសឹកឱ្យមេទ័ពកំពូល អ៉ីរ៉ង់ លោក Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ៕