(មែលប៊ន)៖ ប្រទេសអូស្ត្រាលី និងជប៉ុនត្រូវបានគេមើលឃើញថា នឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរួមគ្នាមួយ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ច នៅកាន់ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយសារតែការរាតត្បាតយ៉ាងគំហុកនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បានថ្លែងថា លោក និងនាយករដ្ឋមន្ត្រីជប៉ុន នឹងចុះហត្ថលេខារួមគ្នាលើ កិច្ចព្រមព្រៀងសម្រួលដំណើរការគ្នាទៅវិញទៅមក (RAA) ដែលនឹងក្លាយជាលើកដំបូង នៃការបង្កើតចេញនូវយន្តការរួមគ្នាមួយ ដើម្បីឲ្យកងកម្លាំងការពារជាតិនៃប្រទេសទាំងពីរ អាចសហការក្នុងបំពេញកិច្ចការងារជាមួយគ្នា។

លោក Scott Morrison បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «សន្ធិសញ្ញានេះនឹងក្លាយជាសេចក្តីថ្លែងការណ៍មួយ នៃការប្តេជ្ញាចិត្តរបស់ប្រទេសជាតិយើងទាំងពីរ ក្នុងការបំពេញកិច្ចការងាររួមគ្នា តាមរយៈកិច្ចប្រជុំចែករំលែក ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលយើងជួបប្រទះ និងដើម្បីបង្កើតឲ្យបាននូវស្ថិរភាព និងសន្តិសុខ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា ទោះបីជាមិនបានបញ្ជាក់ចំៗ តែកិច្ចព្រមព្រៀងខាងលើនេះ ប្រាកដណាស់គឺមានទិសដៅ ទប់ទល់ឥទ្ធិពលចិន ដែលមិនខុសទៅនឹងកិច្ចព្រមព្រៀងមុនៗដូចជា ក្វដ (Quad) និង AUKUS នោះឡើយ។ បន្ថែមពីនេះ អូស្ត្រាលី និងជប៉ុនក៏គ្រោងនឹងពង្រឹង ភាពជាដៃគូពាណិជ្ជកម្ម និងថ្នាក់រដ្ឋាភិបាល ទៅលើវិស័យផលិតថាមពលស្អាត, បច្ចេកវិទ្យាសំខាន់ៗ និងគ្រឿងបរិក្ខាទូទៅផងដែរ៕