(ន័រស៊ុលតង់)៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៉ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) នៅថ្ងៃពុធនេះ បានសម្រេចប្រកាសភាពអាសន្នរយៈពេល២សប្តាហ៍ នៅទីក្រុងអាល់ម៉ាទី (Almaty) ដែលជាទីក្រុងធំបំផុតប្រចាំប្រទេសអាស៉ីកណ្តាលមួយនេះ ហើយនិងខេត្តម៉ានហ្គីស្តូ (Mangistau) នៅភាគខាងលិច ជាទីដែលសកម្មភាពបាតុកម្មតវ៉ា បានប្រែក្លាយទៅជាអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២២។

ការប្រមូលផ្តុំគ្នាតវ៉ាបានចាប់ផ្តើមឡើង កាលពីដើមខែមករានេះ ដោយដំបូងចេញពីខេត្ត Mangistau បន្ទាប់ពីតម្លៃឥន្ធនៈឧស្ម័ន LPG នៅក្នុងប្រទេសកាហ្សាក់ស្ថាន បានលោតឡើងខ្ពស់ខ្លាំង។ ទីក្រុង Almaty បានស្ថិតក្នុងសភាពវឹកវរ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ស្របពេលដែលប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកបំភ័ន្តស្មារតី ដើម្បីបង្រ្កាបភាពចលាចល។ ជាមួយគ្នា ខាងរដ្ឋាភិបាលកាហ្សាក់ស្ថានបានឱ្យដឹងថា ខ្លួនកំពុងព្យាយាមបន្ទាបតម្លៃឥន្ធនៈនេះវិញ។

សម្រាប់ការប្រកាសភាពអាសន្នវិ គឺវានឹងមានសុពលភាពចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែមករា ហើយនៅក្រោមចំណាត់ការនោះ ក៏រួមមានផងដែរនូវ បម្រាមគោចរចន្លោះម៉ោង១១យប់-៧ព្រឹក, ការរឹតត្បិតលើការធ្វើដំណើរ, និងបម្រាមមិនឱ្យមានមនុស្សច្រើនប្រមូលផ្តុំគ្នា។

គួរបញ្ជាក់ថា ប្រជាជនកាហ្សាក់ស្ថានភាគច្រើន បានកែប្រែរថយន្តរបស់ពួកគេឱ្យប្រើប្រាស់ឥន្ធនៈឧស្ម័ន LPG ដែលមានតម្លៃទាបជាងឆ្ងាយ បើធៀបជាមួយប្រេងសាំង នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយសារតម្លៃរបស់វា ត្រូវបានដាក់កំហិតមិនឱ្យឡើងខ្ពស់ឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលកាហ្សាក់ស្ថាន បានលើកឡើងថា តម្លៃទាបនេះគឺមិនមាននិរន្តរភាពទេ ហើយក៏សម្រេចលុបការដាក់កំហិតនោះចេញវិញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ៕