(ប៉េកាំង)៖ ករណីឆ្លង COVID-19 នៅក្នុងទីក្រុង ស៉ីអាន (Xi'an) បានថយចុះទៅដល់កម្រិតដ៏ទាបមួយ នាថ្ងៃពុធនេះ ខណៈអាជ្ញាធរចិន បានអះអាងថា ការឆ្លងរាតត្បាតនៅទីនោះ គឺត្រូវគ្រប់គ្រងបានហើយ បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ អស់រយៈពេល២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

អត្រាករណីឆ្លង COVID-19 នៅក្នុងប្រទេសចិន គឺទាបខ្លាំងគក៏ពិតមែន បើប្រៀបធៀបជាមួយប្រទេសជាច្រើនផ្សេងទៀត ប៉ុន្តែការឆ្លងរាលដាល ក្នុងកំលុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានឡើងដល់កម្រិតមួយដែលចិនមិនធ្លាប់បានឃើញឡើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ យ៉ាងណាមិញ វាបានបង្ហាញសញ្ញាអន់ថយមកវិញ នៅថ្ងៃពុធនេះ ដោយករណីឆ្លងតែ៩១នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ ហើយក្នុងនោះមាន៣៥ករណី នៅទីក្រុង Xi'an ដែលជាតួលេខទាបបំផុតប្រចាំទីក្រុងនេះ គិតចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលខេត្ត សានស៉ី (Shaanxi) បាននិយាយថា ទីបំផុតការរាតត្បាតនៃវីរុស COVID-19 នៅទីក្រុង Xi'an ត្រូវគ្រប់គ្រងបានហើយ ក្រោយការអនុវត្តវិធានការបិទខ្ទប់តឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំ សម្រាប់ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ១៣លាននាក់នេះ។

គួរបញ្ជាក់ថា យ៉ាងណាក្តី កន្លែងមួយចំនួនទៀត ដែលមានការរកឃើញករណីឆ្លង COVID-19 គឺនៅប្រឈមវិធានការរឹតត្បិតនៅឡើយ រួមមានទាំងទីក្រុងចេងចូវ (Zhengzhou) និងទីក្រុងយូចូវ (Yuzhou) នៅខេត្តហឺណាន (Henan)។ បច្ចុប្បន្ន ចិនកំពុងស្ថិតក្រោមសម្ពាធ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាតត្បាតនៃ COVID-19 ដ្បិតនៅសល់មិនដល់១ខែទៀតឡើយ ខ្លួននឹងត្រូវប្រារព្ធព្រឹត្តិការណ៍អូឡាំពិករដូវរងា ទីក្រុងប៉េកាំង៕