(ប៉េកាំង)៖ ឆ្នាំ២០២១ ជាខួប ៥០ ឆ្នាំ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិ និងជាខួប២០ឆ្នាំនៃការដែលប្រទេសចិន ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា នៃគម្រប់ខួបដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងឱកាសបើកមហាសន្និបាត និរន្តរភាពគមនាគមន៍ពិភពលោកលើកទី ២ នៃអង្គការសហប្រជាជាតិថា៖ «គ្រប់ប្រទេសសុទ្ធតែមានការអភិវឌ្ឍទើបជាការអភិវឌ្ឍពិត យើងមានវិបុលភាពរួមទើបជាជីវភាពធូរធារពិត»

ឆ្នាំ២០២១ ការកសាង «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលឥតឈប់ឈរ។ លោក Xi Jinping បានគូសបញ្ជាក់ថា គួរតម្កល់ទុកស្តង់ដាខ្ពស់ និរន្តរភាព និងការផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាគោលដៅ ដើម្បីបន្តជំរុញការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ឱ្យអភិវឌ្ឍដោយគុណភាពខ្ពស់។

ផ្លូវដែកចិន-ឡាវបានដាក់ឱ្យដំណើរការ ដែលជាវិស្វកម្មគំរូនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ផង ហើយក៏ជាការផ្តល់ភាពងាយស្រួលកាន់តែច្រើន ដល់ការនាំចេញនាំចូលអន្តរជាតិផង។

ក្នុងឱកាសសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ដែលធ្វើឡើងនៅឆ្នាំ២០២១ លោក Xi Jinping បានថ្លែងថា៖ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីឱ្យខ្យល់ជំនោរនិទាឃរដូវនៃការបើកទូលាយ ធ្វើឱ្យពិភពលោកមានភាពកក់ក្តៅ។ ១១ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិនគឺ 35.39 ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០។
នៅឆ្នាំ២០២១ វិបុលភាពរួមជាកិច្ចការគន្លឹះមួយ ដែលមេដឹកនាំកំពូលចិន គិតគូរច្រើនបំផុត និងបានខិតខំអនុវត្តជាប់ជានិច្ច។

ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន លោក Xi Jinping បានអញ្ជើញទៅដល់ភូមិ Huawu ដែលជាតំបន់ភ្នំនៃខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីរបស់ចិន ដើម្បីចូលរួមអបអរសាទរទទួលឆ្នាំថ្មី ជាមួយអ្នកភូមិជនជាតិ Miao។ លោកបានលើកឡើងថា វិបុលភាពរួមជាគោលដៅសំខាន់មួយ នៃការកសាងសង្គមនិយមទំនើប គួរប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍អំពីការតម្កល់ទុកប្រជាជនជាស្នូល ធ្វើឱ្យមហាជនអាចមើលឃើញពីការប្រែប្រួលយ៉ាងច្បាស់ និងទទួលបានផលប្រយោជន៍ពិតប្រាកដ។

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មហាសន្និបាតបូកសរុបសមិទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរស្តីពីសមិទ្ធផលលុបបំបាត់ភាពក្រីក្រ ទូទាំងប្រទេសចិន បានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងប៉េកាំង ឆ្លៀតឱកាសនោះ លោក Xi Jinping បានប្រកាសចំពោះសកលលោកថា ការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន ទទួលបានភាពជោគជ័យដោយគ្រប់ជ្រុងជ្រោយ។

ដោយឡែក លោកក៏ធ្លាប់គូសបញ្ជាក់ថា ចិនគាំទ្រទ្វីបអាហ្វ្រិកចូលរួមការកសាង «ខ្សែក្រវាត់និងផ្លូវ» ចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍន៍ ដើម្បីសម្រេចវិបុលភាពរួម។លោកបានសង្កត់ធ្ងន់ទៀតថា ការសម្រេចវិបុលភាពរួមជូនប្រជាជននៃបណ្តាប្រទេស បូករួមទាំងប្រជាជនទ្វីបអាហ្វ្រិកផង គឺជាខ្លឹមសារសំខាន់ នៃការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។

ប្រទេសចិនកំពុងប្រើបទពិសោធន៍កាត់បន្ថយភាពក្រីក្រ ចេញផុតពីភាពក្រីក្រ និងការទទួលបានវិបុលភាពរួមរបស់ខ្លួន ដើម្បីរួមចំណែកដល់វិបុលភាពរួមរបស់ប្រជាជន នៃបណ្តាប្រទេសលើពិភពលោក៕