(ប៉េកាំង)៖ ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមសកម្មភាពការទូតសំខាន់ៗតាមប្រព័ន្ធវីដេអូចំនួន ៤០លើក សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំ បរទេស និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិចំនួន ៧៩លើក ព្រមទាំងបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ហៅទូរស័ព្ទនិងផ្ញើសារលិខិតជាង ១០០ដង។

មួយឆ្នាំកន្លងទៅនេះ កាលវិភាគការងារការទូតតាមអនឡាញដ៏មមាញឹករបស់លោក Xi Jinping គឺជាសាក្ខីភាពដ៏រស់រវើកនៃប្រទេសចិនដែលប្រកាន់ខ្ជាប់នូវ ចក្ខុវិស័យសកល ស្វែងរកវឌ្ឍនភាពជូនមនុស្សជាតិ និងស្វែងរកភាពចុះសម្រុងគ្នាជូនពិភពលោក។ ឆ្នាំ២០២១ លោក Xi Jinping បានប្រកាន់ខ្ជាប់នូវការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ដោយគូសបញ្ជាក់ជាច្រើនលើកនូវការគាំពារ និងអនុវត្ត «ពហុភាគីនិយមដ៏ពិតប្រាកដ»

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាស្តីពីរបៀបវារៈដាវូសនៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានលើកឡើងថា រឿងអន្តរជាតិគួរដោះស្រាយតាមរយៈការពិភាក្សាគ្នា អនាគតនៃពិភពលោកត្រូវសម្រេច ដោយបណ្តាប្រទេសនានារួមគ្នាសម្រេច។

លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានមានប្រសាសន៍ថា «ខ្ញុំសម្គាល់ឃើញថាលោកប្រធានរដ្ឋចិនបានផ្តល់ ជាក្របខ័ណ្ឌមួយដល់ការអភិវឌ្ឍនៃពិភពលោក។ ពីព្រោះយើងពិតជាស្ថិតនៅក្នុងគ្រាគន្លឹះមួយ យើងចាំបាច់ត្រូវសម្រេចចិត្តពីអនាគតរបស់យើង។ តើយើងត្រូវការ កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលឬអត់? តើត្រូវគាំពារពហុភាគីនិយមឬអត់?»

«តើគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយមដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូបគឺយ៉ាងណា? ខ្ញុំសម្គាល់ឃើញថាលោកប្រធានរដ្ឋចិន បានលើកសំណើ ដ៏ល្អក្នុងសុន្ទរកថារបស់លោក។ ពហុភាគីនិយមគឺជាទស្សនៈស្នូលនៃប្រព័ន្ធអន្តរជាតិនិងរបៀបរៀបរយអន្តរជាតិដែលអនុវត្តនាពេលបច្ចុប្បន្ន»។ លោកប្រធានរដ្ឋចិន Xi Jinping គូសបញ្ជាក់ពី «ពហុភាគីនិយមដ៏ពិតប្រាកដ» គឺដើម្បីអំពាវនាវឱ្យដើរតាមមាគ៌ាសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការអភិវឌ្ឍ។

ឆ្នាំ២០២១ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងអឺរ៉ុបទទួលបានការវិវឌ្ឍថ្មី។ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំកំពូលចិន-បារាំង-អាល្លឺម៉ង់តាមប្រព័ន្ធវីដេអូ និងកិច្ចប្រជុំកំពូលចិន-អឺរ៉ុបកណ្តាល និងខាងកើតតាមប្រព័ន្ធវីដេអូ។ ឆ្នាំ២០២១ ប្រទេសចិនបានធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិងខាង ដើម្បីរួមគ្នាគាំពារភាពសុខសាន្តក្នុងតំបន់។ លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើក
ទី៨ នៃវេទិកាសហប្រតិបត្តិការចិន និងអាហ្វ្រិក ដែលបានត្រួសត្រាយលំហអភិវឌ្ឍន៍ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍។

ថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២១ ពេលចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ លោក Xi Jinping បានលើកឡើង ជាលើកដំបូងនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ដើម្បីរួមគ្នាជំរុញការអភិវឌ្ឃជាសកលឱ្យវិវឌ្ឍទៅកាន់ដំណាក់កាលថ្មីដែលប្រកបដោយតុល្យភាព បរិយាប័ន្ន និងកិច្ចសម្របសម្រួល ក្នុងន័យកសាងសហគមន៍អភិវឌ្ឍន៍រួមជាសកល។

ថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ក្រុងគុនមីង លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើម ចិនស្តីពីការរួមគ្នាបង្កើតសហគមន៍រួមជីវិតនៃភពដែនដី។ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក Xi Jinping បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុងប៉េកាំង។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋប្រទេសទាំងពីរបានរំពឹងទុកយ៉ាងកក់ក្តៅចំពោះ «ការណាត់ជួបគ្នាក្នុងការប្រកួតកីឡា អូឡាំពិករដូវរងា» និង «ការណាត់ជួបគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ដែលបានបញ្ចេញសញ្ញាច្បាស់លាស់ចំពោះពិភពលោកស្តីពីការដើរឆ្ពោះទៅកាន់ អនាគតជាមួយគ្នា៕