(តូក្យូ)៖ ជុំវិញការធ្វើតេស្តគ្រាប់មីស៉ីលជាថ្មី ដែលត្រូវបានក្រុមជំនាញជឿជាក់ថា ជាប្រភេទមីស៊ីលបាលីស្ទីក (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) នោះ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានលើកឡើងថា «វាជារឿងដែលគួរឲ្យសោកស្តាយជាទីបំផុត ដែលប្រទេសកូរ៉េខាងជើង នៅតែបន្តបាញ់តេស្តមីស៊ីលបន្ថែមទៀត គិតចាប់តាំងពីឆ្នាំមុន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

លោក Fumio Kishida បានលើកឡើងទៀតថា ការបាញ់តេស្តអាវុធជាថ្មីដោយកូរ៉េខាងជើង កាលពីព្រឹកថ្ងៃពុធនេះ គឺទំនងជាគ្រាប់មីស៊ីលបាលីស្ទីក ហើយក្រុមជំនាញនៃរដ្ឋាភិបាលជប៉ុន កំពុងវិភាគទៅលើទិន្នន័យទាំងឡាយ ដែលខ្លួនទើបទទួលបាន អំពីការបាញ់សាកល្បងនេះ ក្នុងនោះរួមមានទាំងចំនួនគ្រាប់មីស៊ីល ដែលត្រូវបានបាញ់ចេញផងដែរ។

បន្ថែមពីនេះ នៅព្រឹកថ្ងៃពុធនេះឆ្នាំការពារដែនសមុទ្រជប៉ុន ក៏បានប្រកាសអំពីការប្រទះឃើញ អាវុធសង្ស័យជាគ្រាប់មីស៊ីលបាលីស្ទីក ត្រូវបានបាញ់ចេញពីកូរ៉េខាងជើងផងដែរ។ បន្ទាប់ពីការប្រទះឃើញនេះ ពួកគេបានចេញសេចក្តីណែនាំភ្លាមៗ ឲ្យកប៉ាល់នានាលើដែនសមុទ្រ មិនត្រូវធ្វើដំណើរទៅជិត វត្ថុគួរឲ្យសង្ស័យណាមួយនោះឡើយ។

ដោយឡែកបើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន ដែលតែងតែតាមដានជាប់ជានិច្ច នូវសកម្មភាពកូរ៉េខាងជើងនោះ បានអះអាងថា អាវុធលើកនេះទំនងជាមីស៊ីលបាលីស្ទីកមួយគ្រាប់ ហើយវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង រួចធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីវេលាម៉ោង ៨៖១០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

គួរបញ្ជាក់ថា ការបាញ់តេស្តមីស៊ីលនៅដើមឆ្នាំ២០២២ នេះ គឺបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោកនឹងនៅតែបន្ត កសាងសមត្ថភាពយោធាទៅមុខទៀត បើទោះបីជាបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងត្រូវបានអន្តរជាតិមើលឃើញថា កំពុងបន្តរងវិបត្តិសេដ្ឋកិច្ច និងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្តី។

រំលឹកកាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្តសាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីលបាលីស្ទីក ដែលបាញ់ចេញពីនាវាមុជទឹក, មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ, ជើងទម្របាញ់មីស៊ីល ចេញពីខ្សែរថភ្លើង និងប្រភេទគ្រាប់មីស៊ីលអាចរត់ក្នុងល្បឿន លឿនជាងល្បឿនសំឡេង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាដើម៕